អាមេរិក ណែនាំឱ្យពលរដ្ឋខ្លួនចាកចេញជាបន្ទាន់ ពីប្រទេសស្ទើរទាំងអស់នៅតំបន់មជ្ឈិមបូព៌ា

(វ៉ាស៉ីនតោន)៖ នាថ្ងៃចន្ទ ទី២ ខែមីនា ក្រសួងការបរទេសនៃសហរដ្ឋអាមេរិក បានណែនាំឱ្យពលរដ្ឋអាមេរិកទាំងអស់ចាកចេញជាបន្ទាន់ ពីប្រទេសសឹងតែទាំងអស់នៅក្នុងតំបន់មជ្ឈិមបូព៌ា ចំពោះមុខការផ្ទុះសង្រ្គាមជាមួយអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការកុងស៊ុល លោកស្រី Mora Namdar បាននិយាយថា ពលរដ្ឋអាមេរិកទាំងអស់ គួរតែចាកចេញពីដោយប្រើប្រាស់ មធ្យោបាយដឹកជញ្ជូនពាណិជ្ជកម្ម ដោយសារហានិភ័យសុវត្ថិភាព។ សេចក្តីណែនាំថ្មីចុងក្រោយនេះ គឺអនុវត្តលើប្រទេសបារ៉ែន អេហ្ស៉ីប អ៉ីរ៉ង់ អ៉ីរ៉ង់ អ៉ីស្រាអែល ហ៊្សកដានី កូវ៉ែត លីបង់ អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត ស៉ីរី អេមីរ៉ាតអារ៉ាប់រួម និងយេម៉ែន ព្រមទាំងតំបន់ West Bank និង Gaza។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន អាមេរិកនិងអ៉ីស្រាអែល បានរួមគ្នាបើកការវាយប្រហារតាមអាកាស លើគោលដៅជាច្រើនកន្លែងនៅទូទាំប្រទេសអ៉ីរ៉ង់ ដោយបានផ្តាច់ជីវិតមន្រ្តីកំពូលៗជាច្រើនរូប មានទាំងមេដឹកនាំកំពូល លោក Ayatollah Ali Khamenei។ ទីក្រុងតេហេរ៉ង់ បានជះកំហឹងវាយប្រហារតបតវិញ លើទីតាំងជាច្រើនរបស់អាមេរិកនិងអ៉ីស្រាអែល នៅពាសពេញតំបន់មជ្ឈិមបូព៌ា៕

You might also like