សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ផ្ញើសារលិខិតអបអរសាទរ សម្តេចសេដ្ឋវិទូភក្តី គាត ឈន់ ក្នុងឱកាសព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារ

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ សម្តេចសេដ្ឋវិទូភក្តី គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក្នុងឱកាសព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារជា «សម្តេចសេដ្ឋវិទូភក្តី»។

ក្នុងសារលិខិតអបអរសាទរ របស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ខ្ញុំ និងភរិយា សូមសម្តែងនូវការអបអរសាទរ ប្រកបដោយសេចក្តីសោមនស្សក្រៃលែង និងមោទនភាពយ៉ាង ជ្រាលជ្រៅជាទីបំផុត ជូនចំពោះ សម្តេចសេដ្ឋវិទូភក្តី ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លាដែល សម្តេច ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានគោរមងារជា សម្តេចសេដ្ឋវិទូភក្តី តាមរយៈព្រះរាជក្រឹត្យ លេខ នស/រកត/០៣២៦/២៨៣ ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ។

ការប្រោសព្រះរាជទាននូវគោរមងារដ៏ថ្លៃថ្លានេះ គឺពិតជាស័ក្តិសមក្រៃលែង ចំពោះ សម្តេច ដែលជាឥស្សរជន កម្ពុជាដ៏ឆ្នើម និងកម្រមួយរូបដែលបានធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ មានស្មារតីស្នេហាជាតិមោះមុត ចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍជាតិមាតុភូមិកម្ពុជា ពីសម័យព្រះរាជាណាចក្រកម្ពុជាទី១ ក្រោមព្រះរាជតម្រិះ និងព្រះរាជកិច្ច ដឹកនាំរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រហូតមកដល់ព្រះរាជាណា ចក្រកម្ពុជាទី២នេះ។

ស្របតាមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ សម្តេច មានស្វាមីភក្តិចំពោះរាជបល្ល័ង្ក គោរពប្រតិបត្តិយ៉ាង ខ្ជាប់ខ្ជួន ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីព្រះរាជាណាចក្រកម្ពុជា ទទួលបានសុខសន្តិភាពដ៏មាន តម្លៃ ការរីកចម្រើនលើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ ស្ថិរភាព និងសន្តិសុខសង្គមបានល្អប្រសើរ។

ក្រោមការដឹកនាំរបស់ខ្ញុំកន្លងមក សម្តេច បានរួមចំណែកដ៏ធំធេងក្នុងការដឹកនាំអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតិ ធ្វើឱ្យកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ ជាច្រើនទសវត្សរ៍ រក្សាបានអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យជាតិ ប្រពៃណីវប្បធម៌ និងរាជានិយមដ៏ផូរផង់ និងលើកកម្ពស់ជីវភាពរស់នៅនិងគុណភាពជីវិតរបស់ប្រជាជន។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតា ថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងវត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក សូមជួយតាមបីបាច់ថែរក្សាប្រោះព្រំសព្ទ សាធុការពរជ័យគ្រប់ប្រការជូន សម្តេចសេដ្ឋវិទូភក្តី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីទាំងអស់ សូម បានសមប្រកបតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចសេដ្ឋវិទូភក្តី ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងភរិយា»៕

You might also like