ក្រសួងបរិស្ថាន បដិសេធលើការផ្សាយដែលនាំឱ្យមានការភាន់ច្រឡំនៅក្នុងសង្គមកម្ពុជាទាក់ទងនឹងចំណុចកម្តៅ (Hotspots)
ភ្នំពេញ៖ ក្រសួងបរិស្ថាន មិនដែលបានជូនដំណឹងទាក់ទងនឹងករណីមានកំដៅផែនដីនៅកម្ពុជានោះឡើយ។ ការផ្សាយកន្លងមកពីបណ្ដាញផ្សព្វផ្សាយសង្គមមួយចំនួននេះធ្វើឲ្យសាធារណជនមានការភាន់ច្រឡំនិងបង្កឲ្យមានភាពវឹកវរនៅក្នុងសង្គម។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបនិងសូមកុំចែករំលែកព័ត៌មានមិនពិតនេះតទៅទៀត។
អ្នកនាំពាក្យក្រសួងបរិស្ថានស្នើសុំសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការចំពោះអ្នកផ្សាយនិចែកផ្សាយព័ត៌មានមិនពិត មានចរិតញុះញង់ និងមានបំណងបម្រើឱ្យផលប្រយោជន៍ នយោបាយនៃក្រុមជ្រុលនិយម អគតិនៅក្រៅច្បាប់។
សូមបញ្ជាក់ជូនថា ចំណុចកម្តៅ (Hotspots) បញ្ជាក់ពីចំនួនទីតាំងដែលមានការឆេះ ប៉ុន្តែមិនមែនជាទំហំ ឬកម្រិតភាពខ្លាំងនៃភ្លើងនោះទេ (អាំងតង់ស៊ីតេ)។ ចំណុចកម្តៅ (Hotspots) កើតឡើងនៅពេលឧបករណ៍ចាប់សញ្ញារបស់ផ្កាយរណប រកឃើញផ្ទៃដីដែលមានសីតុណ្ហភាពខ្ពស់ជាងធម្មតា។ ក្នុងបច្ចេកទេសផ្កាយរណប ចំណុចកម្តៅ ១ បញ្ជាក់ពីអត្ថិភាពនៃភ្លើងក្នុងផ្ទៃ ១ ភីកសែល (Pixel) នៃរូបភាពផ្កាយរណប។ នេះមានន័យថា ទិន្នន័យចំណុចកម្តៅគ្រាន់តែឆ្លុះបញ្ចាំងប្រាប់យើងថា «មានភ្លើងនៅទីតាំងនោះ» ប៉ុន្តែវាមិនអាចប្រាប់យើងថាភ្លើងនោះ «ធំ» ឬ «ខ្លាំង» ប៉ុណ្ណានោះទេ៕







