ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦
អ្នកនាំពាក្យរាជរដ្ឋាភិបាលមានព័ត៌មានពីរជម្រាបជូនបងប្អូនជនរួមជាតិជ្រាប៖
ទី១៖ ដូចការគ្រោងទុក អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទៅដល់ដៃពលរដ្ឋភៀសសឹក ៣០០០គ្រួសារ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព ក្នុងស្រុកអូរជ្រៅ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលជីវភាពរស់នៅរបស់ពួកគេ។ អំណោយមនុស្សធម៌ទាំងនោះ រួមមាន៖ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនផង ដែលជាសទ្ធាជ្រះថ្លារបស់សប្បុរសជនគ្រប់មជ្ឈដ្ឋានតាមរយៈកាកបាទក្រហមកម្ពុជា។
អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹកសបញ្ជាក់ថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង និងគ្រប់ពេលវេលាលើប្រជាពលរដ្ឋភៀសសឹក។
ស្របពេលជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ក៏បានអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយដល់ជនភៀសសឹកក្នុងវត្តធម្មរង្ស៊ី ស្រុកក្រឡាញ់ ខេត្តសៀមរាប ផងដែរ។ លោកជំទាវអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងគណៈប្រតិភូបានឃើញផ្ទាល់ភ្នែកពីស្ថានភាពរបស់ប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ ដោយសារស្ថានភាពមិនទាន់អំណោយផល និងការរារាំងពីកងកម្លាំងប្រដាប់អាវុធថៃ។
រហូតមកទល់ពេលនេះ មានពលរដ្ឋភៀសសឹកជាង ៩២% ហើយបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤ម៉ឺននាក់។ នៅសល់ពលរដ្ឋភៀសសឹកជិត ៥ម៉ឺននាក់ទៀតនៅបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយ។ ពួកគេត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់គ្រប់បែបយ៉ាង ដោយផ្តល់ជូននូវដំណោះស្រាយសមរម្យទៅតាមស្ថានភាពជាក់ស្តែង ដើម្បីអាចរស់នៅក្នុងបរិយាកាសល្អប្រសើរ និងរក្សាលំនឹងជីវភាពប្រចាំថ្ងៃក្នុងអំឡុងពេលដ៏លំបាកនេះ រហូតដល់បងប្អូនអាចវិលត្រឡប់ទៅលំនៅឋានវិញបាននាពេលខាងមុខ។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបាននិងកំពុងខិតខំយ៉ាងខ្លាំង និងយ៉ាងសកម្មលើនយោបាយការទូតដើម្បីជំរុញឱ្យមានដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការ JBC ដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ និងគោរពយ៉ាងខ្ជាប់ខ្ជួននូវស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ វត្តមានជាបន្តបន្ទាប់នៃអង្គទូត និងតំណាងអង្គការអន្តរជាតិ ក៏ដូចជាសារព័ត៌មានអន្តរជាតិនៅតាមបណ្តោយព្រំដែនគឺជាសាក្សីផ្ទាល់ភ្នែក និងក៏ជាកម្លាំងជំរុញទៅរកដំណោះស្រាយដោយសន្តិវិធីនាពេលខាងមុខ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនជាថ្មីថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។
ទី២៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏សូមជម្រាបជូនជនរួមជាតិជ្រាបដែរថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល បណ្តាស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដែលទទួលបន្ទុកទំនាក់ទំនងជាមួយប្រទេសនៅមជ្ឈិមបូព៌ាបានទទួលការណែនាំឲ្យប្រកាសប្រាប់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន និងផ្ដល់លេខទាក់ទងដើម្បីសម្របសម្រួលក្នុងករណីមានអាសន្ន។
ជាក់ស្តែង ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋអ៊ីស្រាអែល ដែលមាននិវេសនដ្ឋាននៅ រដ្ឋធានីអង់ការ៉ា បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅប្រទេសអ៊ីស្រាអែលអំពីភាពតានតឹងផ្នែកយោធារវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ ដែលកំពុងតែកើនឡើងគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង និងបានអំពាវនាវដល់បងប្អូនទាំងនោះឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តដាច់ខាតតាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល ដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួនរបស់បងប្អូន។ ក្នុងករណីត្រូវការជំនួយផ្នែកកិច្ចការកុងស៊ុល សូមមេត្តាទាក់ទងតាមរយៈទូរស័ព្ទលេខ៖ +855 12 675 450/+855 87 656 262 (Telegram/Whats App)។
ចំណែកស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋគូវ៉ែត សហភាពអារ៉ាប់អេមីរ៉ាត រដ្ឋកាតា និងព្រះរាជាណាចក្របារ៉ែន ដែលមាននិវេសនដ្ឋាននៅរដ្ឋគូវ៉ែតក៏បានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅក្នុងប្រទេសដូចបានរៀបរាប់ខាងលើឱ្យមានការប្រុងប្រយ័ត្នខ្ពស់ដូចគ្នាដែរ។ ក្នុងករណីត្រូវការជំនួយផ្នែកកិច្ចការកុងស៊ុល សូមមេត្តាទាក់ទងតាមរយៈទូរស័ព្ទលេខ៖ (+៩៦៥) ២៥៣១ ០០២៩ និងអ៊ីម៉ែល៖ camemb.kwt@mfaic.gov.kh។
សូមបញ្ជាក់ជូនថា នៅប្រទេសអ៊ីស្រាអែល មាននិស្សិតខ្មែរសរុបចំនួន ២៣៩នាក់ កំពុងសិក្សានៅទីនោះ ចំណែកឯនៅប្រទេសគូវ៉ែត មាននិស្សិតខ្មែរ ២៧នាក់។ ក្រៅពីនោះ ក៏មានពលរដ្ឋខ្មែរមួយចំនួនទៀតកំពុងធ្វើការ ឬធ្វើដំណើរកម្សាន្តក្នុងបណ្តាប្រទេសមជ្ឈិមបូព៌ាផងដែរ។
ថ្នាក់ដឹកនាំកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋ និងនិស្សិតកម្ពុជានៅក្នុងបណ្តាប្រទេសមជ្ឈិមបូព៌ា។ រហូតមកដល់ពេលនេះ ពួកគេមានសុវត្ថិភាព និងស្ថិតក្រោមការតាមដានជាប្រចាំពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំបណ្តាប្រទេសទាំងនោះ៕
សូមអរគុណ!






