ស្ត្រីម្នាក់បានស្លា..ប់ និងមនុស្ស ១១ នាក់ទៀតរងរបួសធ្ងន់ស្រាល ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍
ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់បានស្លាប់ និងមនុស្ស ១១ នាក់ទៀតរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង ១០និង៥០នាទីព្រឹកថ្ងៃទី ៤ខែមីនាឆ្នាំ ២០២៦ លើកំណាត់ផ្លូវកៅស៊ូលេខ ៥៣ចន្លោះគីឡូម៉ែត្រលេខ ៣៦និង៣៧ ចំណុចផ្លូវបំបែកទៅទឹកធ្លាក់ថ្មក្រាល ស្ថិតនៅភូមិក្រោយវត្ត ឃុំខ្លុងពពក ស្រុកទឹកផុស ។
យោងរបាយការណ៍របស់មន្ត្រីនគរបាលចរាចរណ៍នៅកន្លែងកើតហេតុបានបញ្ជាក់ថា មុនពេលកើតហេតុមានរថយន្តធុនធ្ងន់មួយគ្រឿង ជារថយន្តប្រភេទ វេអង ម៉ាក់ហ៊ីណូ ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ចង្កូតស្ដាំបKDL.1777 បើកបរដោយជនពុំស្គាល់ឈ្មោះ ក្នុងដំណើរទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុក៏បានបុកជាមួយនឹងគោយន្តកន្ត្រៃមួយគ្រឿង មានសណ្ដោងឬមក ដោយអ្នកបើកបរឈ្មោះ ជីម លី ភេទប្រុសអាយុ ២៤ ឆ្នាំ រស់នៅភូមិឡ ឃុំទួលខ្ពស់ ស្រុកទឹកផុស រងរបួសធ្ងន់។គោយន្តបើកបរក្នុងទិសដៅពីត្បូងទៅជើង ច្រាស់ទើសគ្នាជាមួយរថយន្ត ។
ហេតុការណ៍នោះបណ្ដាលឱ្យមនុស្ស ១១ នាក់បានរងរបួសធ្ងន់ស្រាល ក្នុងនោះស្ត្រីម្នាក់ឈ្មោះ នៅ សំអាត អាយុ៥៧ ឆ្នាំ បាទស្លាប់នៅនឹងកន្លែង ។ក្នុងពេលកើតហេតុរថយន្តធុនធ្ងន់បានចូលទៅបុកនិងម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាស្គុបពី ពាក់ស្លាកលេខកំពង់ឆ្នាំង 1.Q .8176 បើកបរដោយឈ្មោះ នួន សៀងហួយ ភេទស្រីអាយុ ៣៦ឆ្នាំ រស់នៅភូមិក្រោយវត្ត ឃុំខ្លុងពពក ក្នុងដំណើរខ្វែងទិសគ្នា រករបួសស្រាល ។
ក្រោយពេលកើតហេតុសពស្ត្រីរងគ្រោះបានប្រគល់ទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចម្លែកអ្នករងរបួសធ្ងន់ស្រាលបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ដោយឡែកមធ្យោបាយធ្វើដំណើរត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលដើម្បីរង់ចាំការដោះស្រាយ ៕






