ម៉ូតូពីរគ្រឿងបុកគ្នា បណ្តាលឱ្យយុវជនម្នាក់រងរបួសធ្ងន់បាក់ដៃម្ខាង រីឯភាគីម្ខាងទៀតរងរបួសស្រាល
ភ្នំពេញ÷ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅ យប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ នៅតាមផ្លូវ៣០ម៉ែត្រ ក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យុវជនម្នាក់បានរងរបួសធ្ងន់បាក់ដៃម្ខាងខណៈកំពុងបើកបរម៉ូតូលើដងផ្លូវហើយក៏ជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យភាគីម្ខាងទៀតនោះរងរបួសស្រាល ចំណែកម៉ូតូទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ។
នៅមុនពេលកើតហេតុគេឃើញយុវជនខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខភ្នំពេញ 1KX 2243 បើកបរតាមបណ្តោយផ្លូវ៣០ម៉ែត្រ លុះបើកមកដល់ចំណុចកើតហេតុក៏បុកជាមួយម៉ូតូ១គ្រឿងទៀតម៉ាកស្គូពី ពាក់ស្លាកលេខភ្នំពេញ 1LX-3362 បណ្តាលឲ្យដួលរងរបួសធ្ងន់និងស្រាលទាំងអស់គ្នាតែម្តង ចំណែកម៉ូតូរងការខូចខាតទាំងសងខាង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបន្តឲ្យដឹងទៀតថា ក្នុងចំណោមយុវជនទាំងពីរនាក់ត្រូវបានគេស្គាល់អត្តសញ្ញាណម្នាក់ឈ្មោះ ផាង រក្សា ភេទប្រុស អាយុ២០ឆ្នាំ រងរបួសបាក់ដៃខាងស្តាំ មានអាសយដ្ឋាននៅភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ហើយត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឃ)។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍មូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងហើយយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕






