មនុស្ស ៨៧ នាក់បានស្លាប់ បន្ទាប់ពីនាវាចម្បាំងអ៊ីរ៉ង់ត្រូវបានវាយប្រហារដោយមីស៊ីលផ្លោងអាមេរិកនៅក្បែរសមុទ្រស្រីលង្កា

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ នាវិកយ៉ាងហោចណាស់ ៨៧ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ បន្ទាប់ពីនាវាចម្បាំងអ៊ីរ៉ង់មួយគ្រឿងត្រូវបានវាយប្រហារដោយមីស៊ីលផ្លោងអាមេរិកនៅជិតប្រទេសកោះស្រីលង្កានៅអាស៊ីខាងត្បូង។
កាសែតក្នុងស្រុក Daily Mirror ជាភាសាអង់គ្លេស បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសស្រីលង្កា លោក Vijhita Hearth បាននិយាយថា សាកសពនាវិកចំនួន ៨៧ នាក់ត្រូវបានរកឃើញ ហើយប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងបន្តនៅក្នុងដែនទឹកនៃទីក្រុង Galle ភាគខាងត្បូង។
ខណៈនាវិក៣២ នាក់ផ្សេងទៀតនៃនាវា IRIS Dena បានរងរបួស និងកំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ Karapitiya Teaching Hospital ក្នុងទីក្រុង Galle នាវាចម្បាំងអ៊ីរ៉ង់កំពុងដឹកសមាជិកនាវិកចំនួន ១៨០ នាក់។លោក Hearth បានបន្ថែមថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងបន្តនៅក្នុងដែនទឹកនៃទីក្រុង Galle ភាគខាងត្បូង។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានបញ្ជាក់ថា កងកម្លាំងអាមេរិកបានវាយប្រហារនាវាចម្បាំងអ៊ីរ៉ង់ ដែលបានចូលរួមក្នុងសមយុទ្ធកងទ័ពជើងទឹកនៅក្បែរសមុទ្រឥណ្ឌាកាលពីខែមុន។
លោក Hegseth បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅមន្ទីរបញ្ចកោណថា នៅក្នុងមហាសមុទ្រឥណ្ឌា នាវាមុជទឹកអាមេរិកមួយគ្រឿងបានបាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់មួយគ្រឿងដែលគិតថាវាមានសុវត្ថិភាពនៅក្នុងដែនទឹកអន្តរជាតិ។
លោកថាផ្ទុយទៅវិញ នាវានោះត្រូវបានបាញ់ពន្លិចដោយមីស៊ីលបាញ់ចេញពីក្រោមទឹក។ នេះគឺជាការលិចលើកដំបូងនៃនាវាសត្រូវដោយមីស៊ីលប្រភេទនេះរបស់អាមេរិក ចាប់តាំងពីសង្គ្រាមលោកលើកទី២។អ្នកនាំពាក្យកងទ័ពជើងទឹកស្រីលង្កា លោក Buddhika Sampath បាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះរួមគ្នាមួយត្រូវបានចាប់ផ្តើមបន្ទាប់ពីនាវានេះបានហៅទូរស័ព្ទសុំជំនួយដោយនិយាយថានាវាត្រូវបានវាយប្រហារ៕

You might also like