ព្រឹទ្ធសភាអាមេរិក គាំទ្រលោក Trump ឱ្យវាយប្រហារអ៊ីរ៉ង់ ដោយរារាំងកិច្ចប្រឹងប្រែងកម្រិតអំណាចសង្រ្គាម
ព្រឹទ្ធសមាជិកអាមេរិក មកពីគណបក្សសាធារណរដ្ឋ បានបង្ហាញការគាំទ្រចំពោះយុទ្ធនាការយោធារបស់លោកប្រធានាធិបតី Donald Trump ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃពុធ (៤ មីនា) ដោយបានបោះឆ្នោតទម្លាក់ចោលនូវសេចក្តីព្រាងច្បាប់មួយ ដែលមានបំណងបញ្ឈប់សង្រ្គាមតាមផ្លូវអាកាស និងតម្រូវឱ្យរាល់អរិភាពប្រឆាំងនឹងអ៊ីរ៉ង់ ត្រូវតែមានការអនុញ្ញាតជាមុនពីសភា។
ព្រឹទ្ធសភាបានបោះឆ្នោតក្នុងការគាំទ្រ ៥៣សំឡេង ទល់នឹងការប្រឆាំង ៤៧សំឡេង ដើម្បីរារាំងសេចក្តីព្រាងច្បាប់លើអំណាចសង្រ្គាម មិនឱ្យបន្តទៅមុខបាន។ កិច្ចប្រឹងប្រែងចុងក្រោយនេះ របស់សមាជិកបក្សប្រជាធិបតេយ្យ និងសមាជិកបក្សសាធារណរដ្ឋមួយចំនួនតូច គឺដើម្បីទប់ស្កាត់ការដាក់ពង្រាយកងទ័ពនៅបរទេសម្ដងហើយម្ដងទៀតរបស់លោក Trump ហើយត្រូវបានអ្នកចងក្រងពិពណ៌នាថា ជាការព្យាយាមដណ្តើមយកមកវិញនូវការទទួលខុសត្រូវរបស់សភាក្នុងការប្រកាសសង្រ្គាម ដូចដែលបានចែងក្នុងរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក។
អ្នកជំទាស់នឹងសេចក្តីព្រាងច្បាប់ បានច្រានចោលចំណុចទាំងនេះ ដោយទទូចថា សកម្មភាពរបស់លោក Trump គឺស្របច្បាប់ និងស្ថិតក្នុងសិទ្ធិរបស់លោកក្នុងនាមជាមេបញ្ជាការកំពូល ដើម្បីការពារសហរដ្ឋអាមេរិក តាមរយៈការបញ្ជាឱ្យមានការវាយប្រហារក្នុងកម្រិតកំណត់។ ពួកគេបានចោទអ្នកគាំទ្រសេចក្តីព្រាងនេះថា កំពុងបង្កគ្រោះថ្នាក់ដល់កងកម្លាំងអាមេរិក។ គួរឱ្យដឹងថា វិធានការនេះត្រូវបានគេរំពឹងទុកជាមុនរួចមកហើយថា នឹងមិនទទួលបានជោគជ័យនោះទេ។
អ្នកគាំទ្រសេចក្តីព្រាងច្បាប់នោះបានលើកឡើងថា ពួកគេនឹងមិនបោះបង់ចោលឡើយ ហើយសូម្បីតែសមាជិកបក្សសាធារណរដ្ឋមួយចំនួនដែលបោះឆ្នោតរារាំងសេចក្តីព្រាងនេះ ក៏បាននិយាយដែរថា ពួកគេនឹងជំរុញឱ្យមានសក្ខីកម្មជាសាធារណៈពីក្រុមជំនួយការរបស់លោក Trump អំពីយុទ្ធសាស្ត្រអ៊ីរ៉ង់របស់រដ្ឋបាលលោក ជាពិសេស ប្រសិនបើជម្លោះនេះអូសបន្លាយពេលរាប់សប្តាហ៍ ដូចដែលលោក Trump បានព្យាករទុក៕






