កឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងអនុគម្រោងប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តព្រះវិហារ

នៅថ្ងៃអង្គារ ១៥កើត និងថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ បញ្ចស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣-៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ និងជានាយកគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដែលមានភាពធន់នឹងអាកាសធាតុ និងការកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងក្របខ័ណ្ឌទូទាំងប្រទេស (CCRSIWFDMP) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពជាក់ស្តែងនូវទីតាំងអនុគម្រោងប្រព័ន្ធធារាសាស្ដ្រសំខាន់ៗ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តព្រះវិហារ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានមានប្រសាសន៍ថា គោលបំណងនៃបេសកកម្មនេះ គឺដើម្បីសិក្សាស្វែងយល់ពីភូមិសាស្ត្រ និងស្ថានភាពជាក់ស្តែងសម្រាប់កំណត់អាទិភាពក្នុងការជ្រើសរើសទីតាំងសម្រាប់សិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) និងរៀបចំប្លង់លម្អិត មុននឹងឈានទៅអនុវត្តការងារសាងសង់នាពេលខាងមុខ។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ និងក្រុមការងារបានចុះពិនិត្យជាក់ស្ដែងអនុគម្រោងចំនួន ៥ រួមមាន៖ ទី១) អនុគម្រោងទំនប់អូរគគីរ ស្ថិតក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ទី២) អនុគម្រោងទំនប់ស្ទាក់ទឹកមានជ័យ ស្ថិតក្នុងឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ទី៣) អនុគម្រោងទំនប់អូរជុញ ស្ថិតក្នុងឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទី៤) អនុគម្រោងទំនប់ស្ទឹងសំបួរ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងទី៥) អនុគម្រោងទំនប់មរតកតេជោ ស្ថិតក្នុងឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ទន្ទឹមនឹងការចុះពិនិត្យទីតាំងផ្ទាល់ ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានជួបប្រជុំ និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំមន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំងពីរ ដើម្បីតម្រង់ទិសបច្ចេកទេស និងរៀបចំផែនការសហការអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាពខ្ពស់។ គួរបញ្ជាក់ថា ក្នុងដំណាក់កាលដំបូងនេះ ក្រសួងធនធានទឹក និងឧតុនិយម បានទទួលហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដើម្បីសិក្សាគម្រោងឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់ឈានទៅចាប់ផ្តើមអនុវត្តគម្រោងពេញលេញជំហានទី១ ពីឆ្នាំ២០២៧ ដល់ឆ្នាំ២០៣១ ខាងមុខនេះ៕

You might also like