ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញគោរពវិញ្ញាណក្ខន្ធព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ យស់ អូន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ យស់ អូន ដែលត្រូវជាលោកយាយក្មេករបស់ឯកឧត្តម គីម សុភៈ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ស្ដិតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សូមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងភាពក្ដុកក្ដួលរំជួលចិត្តយ៉ាងខ្លាំង ជូនចំពោះ ឯកឧត្តម គីម សុភៈ ព្រមទាំងក្រុមគ្រួសារ អំពីការបាត់បង់ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ អូន ដែលត្រូវជាលោកយាយក្មេក បានទទួលអនិច្ចកម្ម នៅថ្ងៃអង្គារ ១៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅវេលាម៉ោង ២:៣៥នាទីទៀបភ្លឺ ក្នុងជន្មាយុ ៩៧ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ អូន គឺការបាត់បង់លោកយាយក្មេក ជាទីគោរពស្រឡាញ់បំផុត ដែលតែងតែផ្តល់នូវពន្លឺ គុណតម្លៃ និងសេចក្តីស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ ព្រម ទាំង បានខិតខំចិញ្ចឹមបីបាច់ថែរក្សា ផ្ដល់ការសិក្សា អប់រំ ទូន្មានបុត្រាបុត្រី និងចៅៗ រហូតក្លាយជាកុលបុត កុលធីតា ដ៏ឆ្នើមរបស់សង្គមជាតិ និងបានបម្រើឧត្តមប្រយោជន៍ជាតិដ៏ធំធេង។ ទឹកចិត្តដ៏ថ្លៃថ្លា និងអនុស្សាវរីយ៍ នៃព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ អូន គឺពិតជាស្ថិតនៅក្នុងការចងចាំរបស់កូនចៅទាំងអស់គ្នជានិច្ច។

ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តជាអនេកនេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សូមចូលរួមរំលែកមរណទុក្ខ ដ៏សែនក្រៀមក្រំយ៉ាងក្រៃលែង និងពោរពេញដោយក្តីសោកស្ដាយស្រណោះអាឡោះអាល័យបំផុត ជាមួយ ឯកឧត្តម គីម សុភៈ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដួងវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ អូន សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតក្លាយជាបការៈដទៃឡើយ៕

You might also like