ផ្ទុះឡានដឹកសាំងធុនធំមួយគ្រឿងនៅថៃ លាន់សូរដូចរ-ន្ទះ ឆក់យកជីវិ/តកម្មករម្នាក់នៅនឹងកន្លែង
នៅថ្ងៃទី ៥ ខែមិនា ឆ្នាំ ២០២៦ នេះ សារព័ត៌មានក្នុងប្រទេសថៃ បានរាយការណ៍ពីករណីផ្ទុះឡានដឹកសាំងធុនធំមួយគ្រឿង ដែលបណ្តាលឱ្យកម្មករម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែង។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៦ កន្លងទៅ នៅម៉ោងប្រមាណ ៨ យប់ នៅឃុំណងខាម ស្រុកស្រីរាជា ខេត្តឈុនបុរី។
តាមអ្នកបើកបរបានឱ្យដឹងថា នៅថ្ងៃកើតហេតុ ខ្លួនបានបើកឡានមួយគ្រឿងនេះចតទុកនៅតាមផ្លូវ ក្រោយពីបានដឹកសាំងឱ្យគេរួចរាល់។ មួយសន្ទុះក្រោយមក ក៏ស្រាប់តែឮសំឡេងផ្ទុះយ៉ាងខ្លាំង ហើយក៏ឃើញបំណែកធុងសាំងហោះទៅលើមេឃ។
ដោយឡែក ក្នុងករណីនេះដែរ គេបានឱ្យដឹងថា មានកម្មករវ័យ ៣៦ ឆ្នាំម្នាក់បានបាត់បង់ជីវិត ដោយសារតែដើរកាត់ឡានខាងលើនេះនៅពេលកើតហេតុ បណ្តាលឱ្យមានការផ្ទុះត្រូវមួយទំហឹង និងរាងកាយបានដាច់រហែកខ្ទាតចេញប្រហែលជា ៣០០ ម៉ែត្រឯណោះ។
ទោះជាយ៉ាងណាក៏ដោយ ការស៊ើបអង្កេតដំបូងបានបង្ហាញថា មិនមានប្រេងនៅសល់ក្នុងធុងនៅពេលកើតហេតុនោះទេ ដូចនេះហើយទើបគ្មានការផ្ទុះឆាបឆេះ ហើយវាក៏ជាសំណាងល្អដែរ ដែលស្ថានភាពមិនធ្ងន់ធ្ងរជាងនេះ។
អធិការនគរបាលស្រុកណងខាំ រួមជាមួយក្រុមអ្នកជួយសង្គ្រោះ និងភ្នាក់ងារពាក់ព័ន្ធ បានចុះទៅត្រួតពិនិត្យតំបន់នោះ និងបានឡោមព័ទ្ធសិនដើម្បីរក្សាសុវត្ថិភាព។ ពួកគេក៏កំពុងស៊ើបអង្កេតជាបន្ទាន់អំពីមូលហេតុនៃការផ្ទុះនេះ ដោយសង្ស័យថាវាអាចបណ្តាលមកពីសម្ពាធខ្យល់នៅក្នុងធុង ឬកំដៅដែលប្រមូលផ្តុំនៅក្នុងនោះ ប៉ុន្តែយ៉ាងណាក៏ដោយ ករណីនេះនឹងត្រូវធ្វើការស៊ើបអង្កេតតាមបច្ចេកទេសជាផ្លូវការផងដែរ៕






