សង្រ្គាមមជ្ឈឹមបូព៌ា ៖ ដូណាល់ ត្រាំ ចង់ខ្ចីដៃកងកម្លាំងឃើដវាយលុកចូលអ៉ីរ៉ង់ តើឃើដជានរណា?
(វ៉ាស៊ីនតោន)៖ កងកម្លាំងឃើដអ៉ីរ៉ង់មានមូលដ្ឋាននៅក្នុងប្រទេសអ៉ីរ៉ាក់ បាន និងកំពុងត្រៀមកងកម្លាំងប្រដាប់អាវុធដែលអាចនឹងត្រូវបានបញ្ជូនវាយលុកចូលទៅកាន់អ៉ីរ៉ង់ ក្រោមលទ្ធភាពនៃការជួយគាំទ្រពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែល នៅក្នុងប្រតិបត្តិការបះបោរមួយដែលនឹងបើកសមរភូមិសង្រ្គាមថ្មីទៀតប្រឆាំងនឹងរដ្ឋាភិបាលអ៉ីរ៉ង់។ មកទល់នឹងពេលនេះ សេតវិមានបានបដិសេធចំពោះសេចក្ដីរាយការណ៍ថាខ្លួនបានយល់ព្រមលើផែនការ ណាមួយដើម្បីឱ្យក្រុមប្រដាប់អាវុធឃើដធ្វើសកម្មភាពបះបោរនៅអ៉ីរ៉ង់។ ប៉ុន្តែសហរដ្ឋអាមេរិកមានប្រវតិ្តធ្វើការជាមួយក្រុមសកម្មប្រយុទ្ធឃើដជាយូរណាស់មកហើយនៅទូទាំងតំបន់មជ្ឈិមបូព៌ា។
សហរដ្ឋអាមេរិកក៏មានឈ្មោះល្បីល្បាញខាងមានប្រវត្តិបោះបង់ចោលក្រុមសកម្មប្រយុទ្ធឃើដដែលខ្លួនជាចាត់ទុកថាជាសម្ព័ន្ធមិត្តផងដែរ។ ឧទាហរណ៍៖ បន្ទាប់ពីសង្រ្គាមឈូងសមុទ្រពែក្ស ឆ្នាំ១៩៩១ សហរដ្ឋអាមេរិក បានលើកទឹកចិត្តឱ្យមានចលនានាបះបោរឃើដមួយក្នុងប្រទេសអ៉ីរ៉ាក់ តែនៅទីបំផុតទៅបានត្រឹមឈរមើលកងកម្លាំងឃើដត្រូវបានកងទ័ពអ៉ីរ៉ាក់កាប់សម្លាប់យ៉ាងរង្គាលតែប៉ុណ្ណោះ។
* តើឃើដជានរណា?
ឃើដគឺជាសហគមន៍ជនជាតិមួយមានប្រជាជនជិត ៤០លាននាក់រស់នៅរប៉ាត់រប៉ាយទូទាំងតំបន់មជ្ឈិមបូព៌ា ជាពិសេសក្នុងប្រទេសចំនួន៤ គឺអ៉ីរ៉ង់ អ៉ីរ៉ាក់ ស៊ីរី និងតួកគីយ៉េ។ ជនជាតិឃើដបានព្យាយាមបង្កើតប្រទេសផ្ទាល់ខ្លួន ឬតំបន់ស្វយ័តរាប់ទសវត្សរ៍មកហើយ និងត្រូវបានគេចាត់ទុកថាជាជនជាតិមានចំនួនច្រើនជាងគេបំផុតនៅលើពិភពលោកដែលគ្មានប្រទេស។ នៅបន្ទាប់ពីសង្រ្គាមលោកលើកទី១ និងការដួលរលំអាណាចក្រអូតូម៉ង់ ជនជាតិឃើដ នៅទូទាំងតំបន់មជ្ឈិមបូព៌ា ត្រូវបានពួកមហាអំណាចសន្យាថានឹងជួយពួកគេបង្កើតប្រទេសឡើងវិញ តែប្រទេសឃើដមានតែនៅក្នុងសុបិនប៉ុណ្ណោះមកទល់នឹងពេលនេះ។
ជនជាតិឃើដភាគច្រើនបាននាំគ្នាបន្ទោសលើសន្ធិសញ្ញា Sykes-Picot Agreement ឆ្នាំ១៩១៦ ជាកិច្ចព្រមព្រៀងសម្ងាត់មួយរវាងចក្រភពអង់គ្លេស និងបារាំងដែលបានខណ្ឌចែកព្រំដែននៃតំបន់មជ្ឈិមបូព៌ា ជាការខណ្ឌចែកមួយ រារាំងពួកគេមិនឱ្យបង្កើតប្រទេស និងធ្វើឱ្យពួកគេត្រូវរស់នៅរប៉ាត់រប៉ាយនៅតាមប្រទេសនានាក្នុងតំបន់ ហើយមានពេលខ្លះពួកគេថែមទាំងត្រូវបានរដ្ឋមួយចំនួនចាត់ទុកជាសត្រូវទៀតផង។ ចាប់តាំងពីពេលនោះមក ជនជាតិឃើដ បានប្រឈមមុខនឹងការរើសអើងជាច្រើន ក្នុងនោះរួមមានទាំងការហាមឃាត់និយាយភាសាកំណើតរបស់ខ្លួន វប្បធម៌ផ្ទាល់ខ្លួន និងរហូតដល់រារាំងមិនឱ្យទទួលបានសញ្ជាតិជាពលរដ្ឋស្របច្បាប់ក្នុងប្រទេសដែលពួកគេកំពុងរស់នៅ។ ចំណាត់ការទាំងអស់នេះបានជំរុញឱ្យមានការអំពាវនាវបង្កើតតំបន់ស្វយ័តឃើដ។ ប្រទេសមួយចំនួនតួយ៉ាងដូចជាតួកគីយ៉េមើលឃើញថាការកើនឡើងនៃក្រុមប្រដាប់អាវុធឃើដ ដូចជាគណបក្សពលករឃើដ PKK គឺជាការគំរាមកំហែង។ PKK និងក្រុមឃើដមួយចំនួនត្រូវបានតួកគីយ៉េ សហរដ្ឋអាមេរិក និងប្រទេសដទៃទៀតចាត់ទុកជាអង្គការភេរវករ។
* តើជនជាតិឃើដភាគតិចក្នុងប្រទេសអ៉ីរ៉ង់មានចំនួនប៉ុន្មាន?
ជនជាតិឃើដមានចំនួនស្មើនឹង ១០ភាគរយនៃប្រជាជនអ៉ីរ៉ង់សរុប ៩២លាននាក់ ហើយភាគច្រើនប្រមូលផ្ដុំគ្នារស់នៅភាគពាយព្យនៃប្រទេសអ៉ីរ៉ង់ជាប់ព្រំដែនជាមួយអ៉ីរ៉ាក់។ ក្រុមប្រដាប់អាវុធឃើដអ៉ីរ៉ង់មួយចំនួន មានមូលដ្ឋាន ក្នុងតំបន់ Kurdistan នៃប្រទេសអ៉ីរ៉ាក់ ដែលជាតំបន់ផ្ដាច់ខ្លួនមួយពីរដ្ឋាភិបាលកណ្ដាលអ៉ីរ៉ាក់ក្នុងឆ្នាំ១៩៩២ ក្រោមការគាំទ្រពីសហរដ្ឋអាមេរិក។ តំបន់ Kurdistan ត្រូវបានទទួលស្គាល់ជាតំបន់ពាក់កណ្ដាលស្វយ័តដោយ អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងប្រទេសមួយចំនួន។
* តើឃើដនឹងចូលរួមប្រយុទ្ធប្រឆាំងនឹងអ៉ីរ៉ង់ឬ?
ក្រុមប្រដាប់អាវុធឃើដក្នុងតំបន់មជ្ឈិមបូព៌ាកន្លងមក ក៏ធ្លាប់បានឆ្លងដែនចូលទៅជួយក្រុមឃើដផ្សេងៗផងដែរ ក្នុងនោះជាពិសេសក្នុងសង្រ្គាមស៊ីវិលស៊ីរី។ ឃើដមកពីតួកគី អ៉ីរ៉ាក់ និងអ៉ីរ៉ង់បានរួមដៃគ្នាជាមួយជនជាតិឃើដភាគតិចស៊ីរី ប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលស៊ីរីរបស់អតីតប្រធានាធិបតី លោក Bashar al-Assad។ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថាតើវិសាលភាពនៃចលនាបះបោរប្រដាប់អាវុធកម្រិតណារបស់ឃើដនៅក្នុងប្រទេសអ៉ីរ៉ង់ ទើបអាចជំរុញលើកទឹកចិត្ត កងកម្លាំងឃើដដទៃទៀតក្នុងតំបន់ឱ្យចូលរួមដែរនោះទេ? ជាច្រើនទសវត្សរ៍មកនេះ កងកម្លាំងឃើដត្រូវបានចាត់ទុកជាសម្ព័ន្ធមិត្តជិតស្និទ្ធមួយរបស់សហរដ្ឋអាមេរិកនៅស៊ីរី ក្នុងសង្រ្គាមប្រឆាំងនឹង ISIS ការពារមូលដ្ឋានទ័ពអាមេរិក គ្រប់គ្រងជំរំឃុំឃាំង ឬពន្ធនាគារដែលឃុំខ្លួនភេរវករ ISIS និងសាច់ញាតិរបស់ពួកគេរាប់ពាន់នាក់។






