ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំកិច្ចប្រជុំជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពិនិត្យវឌ្ឍនភាព និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (IAIP)
នៅទីស្ដីការក្រសួង នាថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយ លោក ឡុង ពិសិដ្ឋ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ព្រមទាំងទីប្រឹក្សាបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធនៃខេត្តគោលដៅ។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្ដមរដ្ឋលេខាធិការបានបញ្ជាក់ថា កិច្ចពិភាក្សានេះបានផ្ដោតសំខាន់លើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងារដែលសម្រេចបានកន្លងមក។ ទន្ទឹមនឹងនេះ អង្គប្រជុំបានពិភាក្សាយ៉ាងលម្អិតលើការស្វែងរកដំណោះស្រាយ ដើម្បីកែលម្អនូវចំណុចខ្វះខាត និងពង្រឹងយន្តការអនុវត្តគម្រោងឱ្យកាន់តែមានលក្ខណៈល្អប្រសើរ ឆ្លើយតបទៅនឹងស្តង់ដារបច្ចេកទេស និងតម្រូវការជាក់ស្តែងនៅតាមតំបន់គោលដៅ។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាថាគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (IAIP) នឹងសម្រេចបាននូវសមិទ្ធផលត្រចះត្រចង់តាមផែនការដែលបានកំណត់ ដែលជាចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាកសិករ និងការអភិវឌ្ឍវិស័យធនធានទឹកនៅកម្ពុជាឱ្យមានចីរភាព៕






