ប្រធានតុលាការកំពូល ប្រាប់ដល់មន្ត្រីតុលាការគ្រប់ជាន់ថ្នាក់ ត្រូវបន្តពង្រឹងមនសិការវិជ្ជាជីវៈ ដោយប្រកាន់ខ្ជាប់នូវអាកប្បកិរិយាទន់ភ្លន់ សុភាពរាបសារថ្លៃថ្នូរ ស្អាតស្អំ

(ភ្នំពេញ)៖ តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល បានប្រារព្ធសន្និបាតបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៥ និងកំណត់ទិសដៅការងារ សម្រាប់ឆ្នាំ២០២៦ នាថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ស្របតាមមាត្រា៧៣ នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការ។
សន្និបាតនេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាពលោក ជីវ កេង ប្រធានតុលាការកំពូល និងលោកស្រី ជា លាង អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ដោយមានការចូលរួម ពីសមាជិក សមាជិកាឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ថ្នាក់ដឹកនាំ ចៅក្រមនិងព្រះរាជអាជ្ញាអម តុលាការកំពូល ថ្នាក់ដឹកនាំសាលាឧទ្ធរណ៍ និងមហាអយ្យការ ថ្នាក់ដឹកនាំសាលាដំបូងរាជធានី-ខេត្ត និងអយ្យការ អគ្គលេខាធិការ និងមន្ត្រីពាក់ព័ន្ធ សរុប១៨៩នាក់ ក្នុងគោលបំណងបូកសរុបលទ្ធផលការងារ របស់តុលាការកំពូល និងមហាអយ្យការប្រចាំឆ្នាំ២០២៥ ដោះស្រាយបញ្ហាប្រឈមនានា និងកំណត់ ទិសដៅការងារសម្រាប់ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់សេវាយុត្តិធម៌ និងដោះស្រាយរឿងក្តីឱ្យបានយុត្តិធម៌ និងឆាប់រហ័ស។
ក្នុងឆ្នាំ២០២៥ កន្លងមក តុលាការកំពូល និងមហាអយ្យការ បានទទួលសំណុំរឿង ព្រហ្មទណ្ឌចំនួន ១,៧៩៧ រឿង ចាត់ការរួចចំនួន ១,៣៥១ រឿង និងសំណុំរឿងរដ្ឋប្បវេណីចំនួន ១,០៤៥ រឿង ចាត់ការរួចចំនួន ៧០២ រឿង ដូច្នេះជាសរុបមានចំនួន ២,៨៤២ រឿង ចាត់ការរួចចំនួន ២,០៥៣ រឿង ត្រូវនឹង ៧២.២៤% នៃសំណុំរឿងសរុប។
តាមរយៈសន្និបាតបូកសរុបលទ្ធផលការងារនេះ បង្ហាញឱ្យឃើញថា ក្នុងឆ្នាំ២០២៥ តុលាការកំពូល និងមហាអយ្យការ ទទួលបានលទ្ធផលរីកចម្រើនជាវិជ្ជមាន ក្នុងការបម្រើសេវាយុត្តិធម៌ដោះស្រាយរឿងក្តី គ្រប់ប្រភេទ បើធៀបនឹងឆ្នាំ២០២៤ សម្រេចបានត្រឹមតែ ៦៦.០៩% នៃសំណុំរឿងសរុបប៉ុណ្ណោះ, ព្រមទាំង បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់របស់តុលាការកំពូល និងមហាអយ្យការលើការងារ ធ្វើបរិវត្តកម្មឌីជីថល។
ជាងនេះទៅទៀត អង្គសន្និបាតបានធ្វើការពិភាក្សាយ៉ាងសកម្មដោយផុលផុស និងបានរកឃើញដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ចំពោះបញ្ហាប្រឈមនានា ដើម្បីអនុវត្តក្នុងឆ្នាំ២០២៦។
ថ្លែងក្នុងពិធីបិទសន្និបាតនេះ លោក ជីវ កេង បានសង្កត់ធ្ងន់ និងផ្តាំផ្ញើ ដល់មន្ត្រីតុលាការគ្រប់ជាន់ថ្នាក់ មានជាអាទិ៍៖
១៖ ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីតុលាការទាំងអស់ ត្រូវបន្តពង្រឹងមនសិការវិជ្ជាជីវៈដោយប្រកាន់ ខ្ជាប់នូវអាកប្បកិរិយាទន់ភ្លន់ សុភាពរាបសារថ្លៃថ្នូរ ស្អាតស្អំ ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដែល មកទទួលសេវាយុត្តិធម៌ពីតុលាការនិងអង្គការអយ្យការ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌។ អ្នកប្រព្រឹត្ត កំហុសនឹងត្រូវទទួលវិន័យមិនលើកលែង ដូចដែលបានអនុវត្តជាច្រើនករណីរួចមកហើយ ដោយអនុលោម តាមនីតិវិធីស៊ើបអង្កេតប្រកបដោយតម្លាភាព។
២៖ ប្រកាន់ខ្ជាប់នូវអំពើល្អ និងទំនាក់ទំនងល្អ ៖ អង្គចៅក្រម, មន្ត្រីតុលាការ និងមន្ត្រីពាក់ព័ន្ធ ទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវអំពើល្អគ្រប់កាលៈទេសៈ និងបន្តរក្សាទំនាក់ទំនងឱ្យល្អជាមួយតួអង្គព ក្នុងសង្គមក្នុងន័យលើកស្ទួយប្រសិទ្ធភាពនៃការអនុវត្តច្បាប់។
៣៖ ត្រូវបន្តចូលរួមយ៉ាងសកម្មជាមួយក្រសួងយុត្តិធម៌ ដើម្បីគាំទ្រការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តី និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតី ព្រមទាំង បន្តយកចិត្តទុកដាក់លើចំណាត់ការជាអាទិភាពលើសំណុំរឿងគ្រឿងញៀន, សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍, សំណុំរឿងអត្រានុកូលដ្ឋាន, សំណុំរឿងពាក់ព័ន្ធក្មេងទំនើង, សំណុំរឿងពាក់ព័ន្ធនឹងបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM) និងសម្អាតប្រាក់ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាលក្នុងការធានាសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម និងការអនុវត្តគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាព។
៤៖ បន្តយកចិត្តទុកដាក់ផ្តល់សេវាយុត្តិធម៌ឱ្យបានត្រឹមត្រូវដោយឆាប់រហ័ស និងពង្រឹងគុណភាព នៃសេចក្តីសម្រេចតាមរយៈការវាយតម្លៃលើភស្តុតាង អង្គហេតុ អង្គច្បាប់ឱ្យបានហ្មត់ចត់និងត្រឹមត្រូវ។
៥៖ បន្តយកចិត្តទុកដាក់ធ្វើការផ្សះផ្សាគូភាគីក្នុងរឿងរដ្ឋប្បវេណី ស្របតាមច្បាប់ជាធរមាន និង បន្តគាំទ្រដល់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហើយក៏គប្បី ធ្វើការសម្រុះសម្រួលគូភាគី ទន្ទឹមគ្នានឹងការអនុវត្តដោយបង្ខំ ឈរលើគោលនយោបាយឈ្នះឈ្នះ កុំឱ្យជះឥទ្ធិពលអវិជ្ជមានលើជំនឿ ទុកចិត្តមកលើស្ថាប័នតុលាការ៕

You might also like