ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ រៀបចំពិធីខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីសំណេះសំណាលខួបលើកទី១១៥ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។
ពីធីនេះមានការអញ្ជើញចូលរួមពីស្នងការរង អនុប្រធានផែន នាយការិយាល័យជំនាញ អធិការនគរបាលទាំង១៤ខណ្ឌ និងមន្ត្រីនគរបាលក្រោមឱវាទជានារីទាំងអស់ និវត្តន៍ជនជានារី មន្ត្រីកិច្ចសន្យាជានារី បុគ្គលិកនារីថែទាំអគារចំនួន៧២៤នាក់។
ក្នុងឱកាសនោះ លោកស្រីឧត្តមសេនីយ៍ត្រី ឆេង សារ៉េត ស្នងការរង ទទួលការងារយេនឌ័រ បានឡើងអានព្រះរាជសារជូនពរទាំងស្រុង របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដោយភ្ជាប់នូវអត្ថន័យខ្លឹមសារជ្រាលជ្រៅប្រកបដោយក្តីនឹករលឹក និងក្តីស្រលាញ់ ជូនដល់នារីទូទាំងប្រទេស។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានពាំនាំបណ្តាំសាកសួរសុខទុក្ខពីសំណាក់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនចំពោះកងកម្លាំងនគរបាលរាជធានីភ្នំពេញជានារីនឹងក៏បានសម្តែងនូវការកោតសរសើរ ហើយវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ ព្រមទាំងនគរបាលជានារី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយឆន្ទៈខ្ពស់ ចូលរួមការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ជាពិសេសដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ គុណតម្លៃនារីឱ្យកាន់តែមានភាពថ្កុំថ្កើន តាមរយៈការបង្ហាញពីសមត្ថភាព គុណភាព វិន័យ សីលធម៌ល្អ ក្នុងនាមជាកងកម្លាំងបម្រើផលប្រយោជន៍ និងភាពស្មោះពិតប្រាកដចំពោះប្រជាពលរដ្ឋ និងប្រទេសជាតិ។
ជាមួយគ្នានេះដែរ លោកស្នងការក៏បានណែនាំកងកម្លាំងនគរបាលនារី ត្រូវបន្តពង្រឹងសមត្ថភាព និងពង្រឺកចំណេះ ជំនាញ ជាពិសេសចំណេះដឹងផ្នែកបច្ចេកទេស ឌីជីថល ភាសាបរទេស ដើម្បីចូលរួមចំណែកលើកកម្ពស់សមភាពយេនឌ័រ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា យ៉ាងពិតប្រាកដ។
ក្នុងកាលៈទេសៈនេះ ក្នុងនាមអ្នកសមរភូមិក្រោយ លោកស្នងការ ក៏បានសម្តែងការស្ញប់ស្ញែង និងកោតសរសើរចំពោះវីរភាពអង់អាចក្លាហានរបស់កងកម្លាំងជានារីទាំងអស់ នៅសមរភូមិមុខ ដែលកំពុងបំពេញភារកិច្ចដ៏ឧត្តុងឧត្តមក្នុងបុព្វហេតុការពារទឹកដី ដែលបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា នារីជាផ្នែកដ៏សំខាន់ មានស្នាដៃ និងការលះបង់មិនចាញ់បុរសនោះឡើយ ហើយក៏ជាតួអង្គសំខាន់ដែលសង្គមជាតិមិនអាចខ្វះបាននោះឡើយ។
លោកស្នងការ និងលោកស្នងការង ក៏បានអញ្ជើញប្រគល់បាច់ផ្កាជូន មន្ត្រីនគរបាលជានារី និងភរិយា និងបានថតរូបទុកជាអនុស្សាវរីយ៍ផងដែរ៕






