យល់ដឹងពីច្បាប់ ៖ សំណួរ-ចម្លើយ ជុំវិញការចាប់ខ្លួន និងការនៅក្រៅឃុំ
ដើម្បីជ្រះស្រឡះមន្ទិលសង្ស័យ ក្នុងនាមជាពលរដ្ឋម្នាក់ យើងគួរស្វែងយល់ពីនីតិវិធីច្បាប់ព្រហ្មទណ្ឌដូចខាងក្រោម ៖
សំណួរទី ១៖ តើឱ្យតែជា “ជនសង្ស័យ” ត្រូវតែចាប់ដាក់ខ្នោះភ្លាមៗមែនទេ?
ចម្លើយ ៖ មិនមែនទេ។ បើមិនមែនជាបទល្មើសជាក់ស្ដែង (កំពុងធ្វើសកម្មភាព) ទេនោះ សមត្ថកិច្ចត្រូវចេញ “លិខិតអញ្ជើញ” ឬ “ដីកាកោះ” ដើម្បីឱ្យបុគ្គលនោះមកបំភ្លឺជាមុនសិន។ ការចាប់ខ្លួនអាចធ្វើទៅបាន លុះត្រាតែមានដីកាបង្គាប់ពីតុលាការ ឬក្នុងករណីបទឧក្រិដ្ឋជាក់ស្ដែងប៉ុណ្ណោះ។
សំណួរទី ២ ៖ ចុះហេតុអ្វីបានជាឃើញជនសង្ស័យខ្លះត្រូវជាប់គុក ទាំងដែលតុលាការមិនទាន់កាត់ទោស?
ចម្លើយ៖ នេះគេហៅថា “ការឃុំខ្លួនបណ្ដោះអាសន្ន”។ ចៅក្រមសម្រេចឃុំខ្លួនដើម្បី ៖ បង្ការកុំឱ្យជនសង្ស័យរត់គេចខ្លួន, កុំឱ្យទៅបំផ្លាញភស្តុតាង, ឬកុំឱ្យទៅបង្កបទល្មើសថ្មីទៀត ក្នុងអំឡុងពេលដែលតុលាការកំពុងស៊ើបអង្កេតរកការពិត។
សំណួរទី ៣៖ តើការសុំនៅក្រៅឃុំ (មានសេរីភាពបណ្ដោះអាសន្ន) ត្រូវប្រើ “លុយ” ឬប្រើ “ច្បាប់”?
ចម្លើយ៖ ត្រូវប្រើ “ច្បាប់”។ ជនសង្ស័យគ្រប់រូបមានសិទ្ធិដាក់ពាក្យសុំនៅក្រៅឃុំ។ តុលាការអាចអនុញ្ញាតឱ្យនៅក្រៅឃុំដោយ៖
ដាក់លក្ខខណ្ឌ៖ ដូចជាការដកហូតលិខិតឆ្លងដែន ឬតម្រូវឱ្យបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលតាមកំណត់ (មិនអស់លុយ)។
តម្កល់ប្រាក់ធានា៖ នេះជាប្រាក់តម្កល់នៅតុលាការតាមច្បាប់ (មានបង្កាន់ដៃត្រឹមត្រូវ) ដើម្បីធានាថាជននោះមិនរត់ចោលរឿងក្ដី។ បើចប់រឿងក្ដី តុលាការនឹង “ប្រគល់លុយនេះមកវិញ”។
សំណួរទី ៤៖ ចុះបើគ្មានលុយតម្កល់ តើមានន័យថាត្រូវជាប់គុកបណ្ដោះអាសន្នរហូតមែនទេ?
ចម្លើយ៖ តាមច្បាប់ ស្ថានភាពគ្រួសារ និងលទ្ធភាពហិរញ្ញវត្ថុ ក៏ជាចំណុចដែលចៅក្រមត្រូវពិចារណាដែរ។ បើគ្មានលុយតម្កល់ ចៅក្រមអាចដោះលែងឱ្យនៅក្រៅឃុំក្រោមការត្រួតពិនិត្យ (មិនបាច់បង់ប្រាក់) ប្រសិនបើជននោះមានទីលំនៅច្បាស់លាស់ និងសន្យាថានឹងមកតតាំងក្ដីតាមការកំណត់។
សំណួរទី ៥៖ បើឃើញមានភាពមិនប្រក្រតី ឬការទាមទារលុយក្រោមតុ តើត្រូវធ្វើដូចម្តេច?
ចម្លើយ៖ រាល់ការទាមទារប្រាក់ដែលគ្មានចែងក្នុងច្បាប់ ឬគ្មានបង្កាន់ដៃត្រឹមត្រូវពីស្ថាប័នតុលាការ គឺជាអំពើពុករលួយ។ ប្រជាពលរដ្ឋអាចរាយការណ៍ ឬប្ដឹងទៅកាន់ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឬ ក្រសួងយុត្តិធម៌ ដើម្បីរកយុត្តិធម៌។
ចងចាំថា “ការយល់ដឹងពីច្បាប់ គឺជាអាវក្រោះការពារសិទ្ធិសេរីភាពរបស់អ្នក!” ៕






