អភិបាលខេត្តកំពង់ចាម លើកទឹកចិត្តសិស្សមានពិការភាព និងកុមារកំព្រា ឱ្យខិតខំជួយខ្លួនឯង ដោយពង្រឹងសមត្ថភាព និងការសិក្សារៀនសូត្រ

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានលើកទឹកចិត្តដល់ សិស្សមានពិការភាព និងកុមារកំព្រា ឱ្យខិតខំជួយខ្លួនឯង ដោយពង្រឹងសមត្ថភាព និងការសិក្សារៀនសូត្រ។

ឯកឧត្តមថ្លែងបែបនេះក្នុងឱកាសជួបសំណេះសំណាល សួរសុខទុក្ខ និងពិសាអាហារសាមគ្គី ជាមួយកុមារពិការភ្នែក គថ្លង់ កំព្រា និងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦។

ថ្លែងក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ការខិតខំជួយខ្លួនឯងដោយការពង្រឹង សមត្ថភាព និងការសិក្សារៀនសូត្រជាប់លាប់ គឺជាមូលដ្ឋានគ្រឹះនៃជោគជ័យដ៏រឹងមាំ ដែលប្រសើរ ជាងការរង់ចាំជំនួយពីអ្នកដទៃ ពីព្រោះថាចំណេះដឹង និងជំនាញគឺជាស្ពានចម្លងទៅរកជីវិតភ្លឺស្វាង ដែលជាការអភិវឌ្ឍខ្លួន និងការដោះស្រាយបញ្ហាផ្សេងៗ ពោលគឺការរៀនសូត្រគឺមិនមានដែនកំណត់ឡើយ មានតែការខិតខំនេះហើយទើបសម្រេចគោលបំណងក្នុងថ្ងៃអនាគត។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានសំណូមពរឱ្យមានការខិតខំ ថែទាំសុខភាពបឋម ដែលជាអាទិភាពអាយុជីវិតយូរអង្វែង ដើម្បីការពារ និងលើកកម្ពស់ សុខុមាលភាព ដោយផ្តោតទៅលើការបង្ការជំងឺមិនឆ្លង (ដូចជា ទឹកនោមផ្អែម លើសឈាម បេះដូង) និងជំងឺឆ្លងនានា​ រួមទាំងធ្វេីការ​ហាត់ប្រាណ​។

គួរបញ្ជាក់ផងដែរថា សិស្សក្នុងវិទ្យាល័យអប់រំពិសេស​ សរុបទាំងអស់មានចំនួន​ ១៩៥នាក់ ក្នុងនោះសិស្សពិការភ្នែកមាន​ ៥២នាក់ សិស្សគថ្លង់ចំនួន​ ១៤៣នាក់ និងសិស្សកំពុងរៀននៅសាកលវិទ្យាល័យ​មាន ១៥នាក់ ក្នុងនោះបុគ្គលិកសរុបចំនួន៤៥នាក់។ ដោយឡែកមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម មានកុមារចំនួន ៥២នាក់ និងបុគ្គលិកចំនួន​ ១២នាក់ ផងដែរ៕

You might also like