នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅខណ្ឌទួលគោក ដែលជាបក្ខពួកជនសង្ស័យបង្ក្រាបកាលពីពេលកន្លងទៅ
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២៣៖៣៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ចូលរួមដោយលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យបានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅត្រង់ចំណុចផ្លូវលេខ៥១ កែងផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យពាក់ព័ន្ធករណីលួច (ម៉ូតូ) ដែលបានប្រព្រឹត្តនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៤៖៤៨នាទី នៅត្រង់ចំណុចផ្លូវលេខ១៣២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមានឈ្មោះ ធី រីដា ហៅ ភ័ក្រ្ត ហៅ ដឺ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ (ជាបក្ខពួករបស់ឈ្មោះ តឿ សុវណ្ណ ហៅ ទី ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបានកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦)។
កម្លាំងជំនាញនាំជនសង្ស័យខាងលើយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕






