លោក ឃួង ស្រេង ៖ ការបោសសម្អាតបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ល្បែងស៊ីសងគ្រប់ប្រភេទ និងបទល្មើសគ្រឿងញៀន ឱ្យទទួលបានជោគជ័យ និងអស់ពីមូលដ្ឋាន លុះត្រាតែមានការចួលរួមសហការពីប្រជាពលរដ្ឋ
(ភ្នំពេញ)៖ ការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS), ល្បែងស៊ីសងគ្រប់ប្រភេទ និងបទល្មើសគ្រឿងញៀន ឱ្យទទួលបានជោគជ័យ និងអស់ពីមូលដ្ឋាន លុះត្រាតែមានការចួលរួមសហការពីប្រជាពលរដ្ឋ ដោយផ្តល់ព័ត៌មានឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចរបស់យើង។ នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងអង្គប្រជុំស្តីពីការដកស្រង់បទពិសោធន៌ និងវឌ្ឍនភាពការងារបង្ក្រាបបទល្មើស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានថ្លែងថា ការបង្កើតឱ្យមានកិច្ចប្រជុំខាងលើនេះ គឺដើម្បីដកស្រង់បទពិសោធន៍ រកចំណុចខ្លាំង ចំណុចខ្សោយ ដែលយើងបានអនុវត្តកន្លងមក ពិសេសការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នេះតែម្តង ដើម្បីបន្តអនុវត្តការងារនេះ បានជោគជ័យ ធានាថា គ្មានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋានទៀត។
លោក ឃួង ស្រេង បានបន្តថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ, គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤, កងកម្លាំងសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញប្រតិបត្តិការណ៍ព្រមៗគ្នា ក្នុងការបង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នេះ រហូតឈានទៅទទួលបានជោគជ័យ នាពេលកន្លងមកនេះ។ ភាពជោគជ័យរបស់យើងក៏បានមកពីការរួមសហការពីប្រជាពលរដ្ឋ ដោយពួកគាត់បានផ្តល់ព័ត៌មានឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចរបស់យើង។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ពួកគេអាចបន្តលួចលាក់ ជ្រកនៅតាមទីតាំងមួយចំនួន ដែលយើងនឹកស្មានមិនដល់ ដែលទាមទារឱ្យយើងបន្តខិតខំប្រឹងប្រែងឱ្យបានខ្លាំងក្លាបន្ថែមទៀត។
លោក ឃួង ស្រេង បានបន្តទៀតថា តាមផែនការរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យធ្វើការបង្រ្កាប បោសសម្អាតឱ្យអស់ នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នេះឱ្យអស់ ហើយបើតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា យើងទទួលយកសេដ្ឋកិច្ចពណ៌ ស មិនទទួលយកសេដ្ឋកិច្ចពណ៌ប្រផេះ និងខ្មៅ ដាច់ខាត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់ នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជា។ សម្ដេចធិបតី ក៏បានលើកឡើងថា ការបោសសម្អាត Scam Online នៅកម្ពុជា មិនមែនបញ្ចប់ត្រឹមតែខែមេសា ចូលឆ្នាំខ្មែរនោះឡើយ គឺបន្តធ្វើជាប់ជាប្រចាំ។
លោក ឃួង ស្រេង ក្នុងឱកាសនោះ ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំងអស់ បន្តអនុវត្ត និងផ្សព្វផ្សាយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ ០៣ និងត្រូវបន្តម្ចាស់ការ ក្នុងត្រួតពិនិត្យបង្រ្កាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យបានដូចភ្លៀងរលឹម។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវចុះស្រាវជ្រាវ នៅទីតាំងអគារខ្ពស់ៗ ជាមួយនិងការត្រួតពិនិត្យទីតាំងសប្បាយភាពនានានិងក្លឹបកំសាន្តដែលមានការសង្ស័យ។
លោកអភិបាលរាជធានី បញ្ជាក់ទៀតថា យោងតាមមាត្រា១៩ នៃអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ គឺថា ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលធ្វេសប្រហែសខកខានមិនបំពេញកាតព្វកិច្ច រាយការណ៍អំពីការស្នាក់របស់ជនបរទេសទេ នឹងត្រូវផាកពិន័យ ចំនួន៤លានរៀល ដោយមិនទាន់គិតដល់ព្យសនកម្ម ដែលកើតឡើងពីការធ្វេសប្រហែស។
សម្រាប់មាត្រា២០ ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាតឱ្យជនបរទេស ដែលចូលមកកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ ៤លានរៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ៕






