ព្យុះភ្លៀង លាយព្រិលទឹកកកវាយប្រហារខេត្តមួយនៅថៃ បំផ្លាញផ្ទះ និង ឡានច្រើនគ្រឿង រងការខូចខាតធ្ងន់ធ្ងរ

កាលពីយប់ថ្ងៃទី ៤ ឈានចូលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ គ្រោះមហន្តរាយធម្មជាតិបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់បោកបក់ និងព្យុះគ្រាប់ព្រិលទឹកកក បានវាយប្រហារយ៉ាងចាស់ដៃទៅលើតំបន់ជាច្រើនក្នុងស្រុកមឿង ខេត្តសុខោទ័យ (Sukhothai) ប្រទេសថៃ បណ្តាលឱ្យផ្ទះសម្បែងជាច្រើនខូចខាតយ៉ាងធ្ងន់ធ្ងរ។
លុះព្រឹកឡើងថ្ងៃទី ៥ ខែតុលា ក្រុមមន្ត្រីអាជ្ញាធរមូលដ្ឋាន និងផ្នែកពាក់ព័ន្ធបានចុះត្រួតពិនិត្យ និងវាយតម្លៃផលប៉ះពាល់ជាក់ស្តែងនៅតាមទីតាំងកើតហេតុ ហើយតាមរយៈការពិនិត្យបឋម បានរកឃើញថាមានសំណង់អគារ និងលំនៅឋានរបស់ប្រជាពលរដ្ឋនៅក្នុងឃុំចំនួន ៤ បានរងការបំផ្លិចបំផ្លាញ។
នៅក្នុងឃុំយ៉ាងសាយ ខ្យល់ព្យុះ និងគ្រាប់ព្រឹលទឹកកកបានបំផ្លាញរោងចតរថយន្ត ឃ្លាំងផ្ទុកគ្រឿងបរិក្ខារអគ្គិសនី និងផ្ទះសម្បែងរបស់អ្នកភូមិមួយចំនួន។ ចំណែកឯនៅឃុំមឿងកៅវិញ ផ្ទះប្រជាពលរដ្ឋចំនួន ២ ខ្នងក្នុងភូមិទី ១១ ត្រូវខូចខាត ហើយសាលាឆទាននៅក្នុងភូមិទី១៤ ក៏ត្រូវរងការខូចខាតផងដែរ។
ដោយឡែក ឃុំបានក្លួយ គឺជាតំបន់ដែលរងការខូចខាតផ្ទះសម្បែងច្រើនជាងគេ ដោយនៅក្នុងភូមិទី១ មានផ្ទះរងការខូចខាតប្រមាណ ១២ ខ្នង រីឯភូមិទី៦ ខូចខាត ១ ខ្នង និងភូមិទី១៤ ខូចខាតចំនួន ២ ខ្នងបន្ថែមទៀត។
ទន្ទឹមនឹងនេះ នៅភូមិទី៥ នៃឃុំបានលុម ខ្យល់ព្យុះដ៏កាចសាហាវបានបោកបក់រំលំដើមឈើធំៗជាច្រើនដើម បណ្តាលឱ្យដាច់ខ្សែភ្លើងរញ៉េរញ៉ៃពេញផ្លូវ ហើយដើមឈើមួយចំនួនថែមទាំងបានបាក់សង្កត់លើរថយន្តរបស់ប្រជាពលរដ្ឋ បណ្តាលឱ្យខូចខាតអស់ជាច្រើនគ្រឿង។
លើសពីនេះ ឧប្បត្តិហេតុបាក់រលំដើមឈើ និងកម្ទេចកម្ទីសំណង់ ក៏បានធ្លាក់បិទផ្លូវនៅម្តុំខ្លងយ៉ាង ផ្លូវលំរីលែក ដែលធ្វើឱ្យចរាចរណ៍ត្រូវកាត់ផ្តាច់ទាំងស្រុង និងមិនអាចឱ្យរថយន្តធ្វើដំណើរឆ្លងកាត់បានឡើយ។
យ៉ាងណាមិញ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច និងក្រុមសង្គ្រោះបន្ទាន់ កំពុងប្រញាប់ប្រញាល់កាប់ឆ្ការដើមឈើ និងប្រមូលកម្ទេចកម្ទីដើម្បីបើកផ្លូវចរាចរណ៍ឡើងវិញ ព្រមទាំងកំពុងរៀបចំផែនការផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋរងគ្រោះ ដើម្បីជួយសម្រាលការលំបាកឱ្យបានទាន់ពេលវេលា៕

You might also like