បើកម៉ូតូមិនប្រកាន់ស្ដាំរេចង្កូតចូលរថយន្ត បណ្តាលឱ្យរងរបួសធ្ងន់ កម្មការិនីរោងចក្រ២នាក់់នៅក្រុងស្វាយរៀង
ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មាននារីកម្មការិនីរោងចក្រ ២នាក់រងរបួសធ្ងន់ ដោយសារតែការបើកម៉ូតូមិនប្រកាន់ស្ដាំហើយរេចង្កូតចូលរថយន្តបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងអ្នកភូមិរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ជួយសង្គ្រោះ។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៥ល្ងាចនៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានបញ្ជាក់ថា មុនពេលកើតហេតុមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខស្វាយរៀង 4A- 6901 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានម៉ូតូ១គ្រឿង
ម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 1W -5335 បើកបរដោយឈ្មោះ ផាត ស្រីឃីម ភេទស្រី អាយុ១៦ ឆ្នាំ មុខរបរកម្មការិនីរោងចក្រ រស់នៅភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង និងអ្នករួមដំណើរឈ្មោះ ផាត សុភត្រា ភេទស្រី អាយុ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ រស់នៅភូមិសង្កាត់ជាមួយគ្នា ធ្វើដំណើរពីកើតទៅលិចមិនប្រកាន់ស្ដាំ ក៏បានបុកជាមួយរថយន្ដយ៉ាងពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់ រីឯម៉ូតូខូចខាតស្រាល បង្កឱ្យមានការភ្ញាក់ផ្អើលតែម្ដង។
បន្ទាប់ពីកើតហេតុអ្នកបើករថយន្តឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនបាត់ភ្លាមៗផងដែរ។
ក្រោយមកសមត្ថកិច្ចជំនាញបានមកដល់ធ្វើការវាស់វែងនិងអូសយកមធ្យោបាយទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ចំណែកឯអ្នករបួសយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង៕






