មុខសញ្ញាជួញដូរគ្រឿងញៀន៣នាក់ ធ្វើសកម្មភាពក្នុងឃុំពើក ត្រូវនគរបាលស្រុកអង្គស្នួលបង្ក្រាប
ខេត្តកណ្ដាល៖ ជនសង្ស័យប្រុសស្រី ៣នាក់ ក្នុង ចំណោមបក្ខពួក ៥នាក់ ដែលតែងតែធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពី ថ្ងៃទី២០ មីនា ២០២៦ ស្ថិតក្នុងភូមិព្រៃទំពូង និងភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនទាំង ៣នាក់ ទី១មានឈ្មោះ ថុន ផានិត ហៅចិន ភេទ ប្រុស អាយុ ២៨ឆ្នាំទី២ឈ្មោះ ម៉ង់ ម៉ៅ ភេទស្រី អាយុ៣៤ឆ្នាំនិងទី៣ឈ្មោះ ព្រឿង ចន្ថា ហៅថា ភេទប្រុស អាយុ២៨ឆ្នាំ ទាំង ៣នាក់ នេះមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមានដូចគ្នា។ ចំណែកឯបក្ខពួក ២នាក់ទៀតដែលបានរត់គេចខ្លួនឈ្មោះឈួន ពយ ភេទ ប្រុស អាយុ៣៥ឆ្នាំ) និងឈ្មោះ ហុង សានទិ ភេទប្រុស, អាយុ ២៩ឆ្នាំ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដក ហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៦កញ្ចប់តូច (ទម្ងន់ ១,៤៩ក្រាម), ទូរស័ព្ទដៃ ២គ្រឿង, អាយផេត ១គ្រឿង និងសម្ភារៈប្រើប្រាស់វេចខ្ចប់មួយចំនួន។
ប្រភពដដែលបន្តថាមុនពេលឈានដល់ការបង្ក្រាបមាន មហាជនបានរាយការណ៍ចូលទៅក្នុងកម្មវិធី NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អំពីសកម្មភាពល្មើសច្បាប់នេះ។ ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកអង្គស្នួល បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពើក ចុះ ទៅដល់គោលដៅ និងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ថុន ផានិត មុនគេនៅភូមិព្រៃទំពូង ព្រមទាំងដកហូតបានថ្នាំញៀន ២កញ្ចប់តូច។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ថុន ផានិត បានសារភាពថា ខ្លួនបានទិញថ្នាំញៀននេះពីឈ្មោះ ឈួន ពយ ក្នុងតម្លៃ ២ម៉ឺនរៀល ដើម្បីយកទៅប្រើប្រាស់ និងលក់បន្ត។ ផ្អែកតាមចម្លើយសារភាពនេះ កម្លាំងសមត្ថកិច្ចបានបន្តប្រតិបត្តិការទៅដល់ភូមិអង្គស្នួលទី២ និងបានឃាត់ខ្លួនជនសង្ស័យ ២នាក់ ទៀតគឺឈ្មោះ ម៉ង់ ម៉ៅ និងឈ្មោះ ព្រឿង ចន្ថា ដោយដកហូតបានថ្នាំញៀន ៤កញ្ចប់តូចបន្ថែមទៀត។ ជនសង្ស័យឈ្មោះ ម៉ង់ ម៉ៅ បានសារភាពថាថ្នាំញៀននេះជារបស់ខ្លួន ដែលទិញពីឈ្មោះ ឈួន ពយ ក្នុងតម្លៃ ២ម៉ឺនរៀល ដើម្បីយកមករំលែកលក់បន្ត ហើយកន្លងមកខ្លួនក៏ធ្លាប់ទិញពីឈ្មោះ ហុង សានទិ ផងដែរ។ ចំណែកឈ្មោះ ព្រឿង ចន្ថា ក៏បានសារភាពដែរថា ខ្លួនធ្លាប់ទិញថ្នាំញៀនពីឈ្មោះ ឈួន ពយ យកមកប្រើប្រាស់។
ប្រតិបត្តិការបង្ក្រាបនេះ គឺធ្វើឡើងដោយមានការយក ចិត្តទុកដាក់ និងការឆ្លើយតបយ៉ាងទាន់ពេលវេលារបស់កងកម្លាំងនគរបាលស្រុកអង្គស្នួល បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ដើម្បីចូលរួមលុប បំបាត់បញ្ហាគ្រឿងញៀននៅមូលដ្ឋាន។
ជនសង្ស័យទាំង ៣នាក់ ព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅ កាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ខណៈកងកម្លាំងក៏កំពុងបន្តស្រាវជ្រាវតាមប្រមាញ់បក្ខ ពួក ២នាក់ ដែលកំពុងគេចខ្លួនយកមកផ្តន្ទាទោសផងដែរ៕






