អគ្គិភ័យឆាបឆេះរោងចក្រគ្រឿងបន្លាស់រថយន្តនៅកូរ៉េខាងត្បូង បណ្តាលឱ្យមនុស្ស ៥៥នាក់រងរបួស និងជាងដប់នាក់ទៀតកំពុងបាត់ខ្លួន

(ដេជុន)៖ នាថ្ងៃសុក្រនេះ មានករណីអគ្គិភ័យដ៏សន្ធោសន្ធៅមួយបានឆាបឆេះរោងចក្រគ្រឿងបន្លាស់រថយន្តមួយកន្លែង ក្នុងទីក្រុង ដេជុន (Daejeon) ប្រទេសកូរ៉េខាងត្បូង ដោយបណ្តាលឱ្យមនុស្ស ៥៥នាក់រងរបួស (ក្នុងនោះ ២៤នាក់របួសធ្ងន់) និងមនុស្ស ១៤នាក់ទៀតកំពុងបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលថ្ងៃត្រង់ ខណៈដែលបុគ្គលិកជាច្រើនកំពុងស្ថិតនៅក្នុងបន្ទប់សម្រាកជាន់ទី២ នៃអគាររោងចក្រ។ សាក្សីបានឱ្យដឹងថា មនុស្សមួយចំនួនបានរងរបួសដោយសារការលោតចុះពីលើអគារដើម្បីរត់គេចពីអណ្តាតភ្លើង។ យោងតាមទិន្នន័យទូរស័ព្ទដៃ មនុស្ស ១៤នាក់ដែលកំពុងបាត់ខ្លួន ត្រូវបានគេកំណត់ទីតាំងថាស្ថិតនៅក្បែរកន្លែងផ្ទុះអគ្គិភ័យ ប៉ុន្តែការស្វែងរកជួបការលំបាកខ្លាំង ដោយសារតែអគារបានដួលរលំមួយផ្នែក។
គួរបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជែម្យុង បានបញ្ជាឱ្យកម្លាំងទាំងអស់ចុះជួយសង្គ្រោះជីវិតជនរងគ្រោះជាបន្ទាន់ និងបានដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយកម្រិតជាតិ។ គិតត្រឹមម៉ោង ៦ល្ងាច អគ្គិភ័យត្រូវបានគ្រប់គ្រងប្រមាណ ៨០ភាគរយ។ រោងចក្រនេះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Anjun Industrial ដែលជាអ្នកផ្គត់ផ្គង់សន្ទះបិទបើកម៉ាស៊ីន (Engine valves) ឱ្យក្រុមហ៊ុនយក្ស Hyundai Motor និង Kia Corp។ មកទល់ពេលនេះ មិនទាន់មានការឆ្លើយតបណាមួយពីក្រុមហ៊ុន Anjun ជុំវិញគ្រោះថ្នាក់ដ៏រន្ធត់នេះនៅឡើយទេ៕

You might also like