សហរដ្ឋអាមេរិក បើកភ្លើងខៀវឲ្យដឹកជញ្ជូន និងលក់ ប្រេងរបស់អ៊ីរ៉ង់ នៅសមុទ្រ

ក្រសួងរតនាគារសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ទី២០ ខែមីនា បានដកទណ្ឌកម្មជាបណ្ដោះអាសន្នលើប្រេងអ៊ីរ៉ង់ដែលបានផ្ទុករួចហើយនៅលើនាវា ជាចំណាត់ការចុងក្រោយរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់ស្កាត់វិបត្តិផ្គត់ផ្គង់ជុំវិញសង្គ្រាមនៅមជ្ឈិមបូព៌ា។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងរតនាគារបានឲ្យដឹងថា ការបើកភ្លើងខៀវនេះ អនុញ្ញាតឱ្យដឹកជញ្ជូននិងលក់ប្រេងឆៅអ៊ីរ៉ង់ និងផលិតផលប្រេងផ្សេងទៀតដែលផ្ទុកនៅលើនាវាមុនថ្ងៃទី២០ ខែមីនា ហើយនឹងមានរយៈពេលរហូតដល់ថ្ងៃទី១៩ ខែមេសា។ ចំណាត់ការរបស់ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារបាននិយាយថាកំពុងស្ថិតក្រោមការពិចារណា បន្ទាប់ពីការដកទណ្ឌកម្មស្រដៀងគ្នានេះលើប្រេងរបស់រុស្ស៊ីនៅសមុទ្រ។ ការបិទច្រកសមុទ្រ Hormuz របស់អ៊ីរ៉ង់ ដែលប្រេងនិងឧស្ម័ន២០ភាគរយរបស់ពិភពលោកមានលំហូរជាធម្មតា និងការវាយប្រហារជាច្រើនលើកលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតម្លៃប្រេងឆៅកើនឡើងយ៉ាងខ្លាំង។ លោក Bessent បានពិពណ៌នាអំពីចំណាត់ការនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ជាការអនុញ្ញាតរយៈពេលខ្លីដែលត្រូវបានធ្វើឡើងយ៉ាងចង្អៀតតាមបំណងរបស់លោកប្រធានាធិបតី Donald Trump ក្នុងការបង្កើនលំហូរថាមពលទៅកាន់ពិភពលោកឱ្យបានក្នុងកម្រិតអតិបរមា និងធានាបានស្ថិរភាពទីផ្សារ។ តាមរយៈការបើកបណ្តោះអាសន្នការផ្គត់ផ្គង់ដែលមានស្រាប់សម្រាប់ពិភពលោក សហរដ្ឋអាមេរិកនឹងនាំយកប្រេងប្រហែល១៤០លានបារ៉ែលទៅកាន់ទីផ្សារពិភពលោកយ៉ាងឆាប់រហ័ស ដោយពង្រីកបរិមាណថាមពលនៅទូទាំងពិភពលោក និងជួយបន្ធូរបន្ថយសម្ពាធជាបណ្តោះអាសន្នលើការផ្គត់ផ្គង់ដែលបង្កឡើងដោយអ៊ីរ៉ង់»។ ទោះជាយ៉ាងណា ទីក្រុងតេអេរ៉ង់បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនពុំមានប្រេងឆៅលើសដើម្បីផ្តល់ដល់ទីផ្សារអន្តរជាតិទេ។ អ្នកនាំពាក្យក្រសួងប្រេងរបស់អ៊ីរ៉ង់ លោក Saman Ghoddoosi បានសរសេរនៅលើបណ្តាញ Xថា បច្ចុប្បន្ន អ៊ីរ៉ង់ពុំមានប្រេងឆៅលើសនៅសល់នៅលើទឹក ឬសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារអន្តរជាតិផ្សេងទៀតទេ ហើយសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក គឺមានគោលបំណងផ្តល់ក្តីសង្ឃឹមដល់អ្នកទិញតែប៉ុណ្ណោះ ។

You might also like