ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញកាមេរ៉ាសុវត្ថិភាពបង្ហាញថា កូនអភិបាលស្រុកកងមាស មិនមែនជាអ្នកបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍ទេ, អ្នកបើកគឺជាស្ដ្រី 

(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ បានបង្ហាញកាមេរ៉ាសុវត្ថិភាពដែលបញ្ជាក់ថា កូនអភិបាលស្រុកកងមាស ខេត្តកំពង់ចាម មិនមែនជាអ្នកបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍នោះទេ ពោលអ្នកបើកបរគឺជាស្ដ្រីម្នាក់។ បើមើលតាមស្ថានភាពជាក់ស្ដែង គឺបុរសខាងលើមិនអាចបើករថយន្ដបានឡើយ ដោយសារតែស្ថានភាពស្រវឹងជោគជាំ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ពេលចេញពីកន្លែងផឹកស៊ីមួយនៅខណ្ឌសែនសុខ គឺកូនអភិបាលស្រុក ត្រូវគេគ្រាដាក់ឡានហើយស្រ្តីទៅជាមួយគ្នា ជាអ្នកចូលបើកឡាន រួចបានបង្កគ្រោះថ្នាក់បុកក្មេងប្រុសបណ្តាលឲ្យរបួសធ្ងន់ នៅខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។

បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, សម្រាប់មនុស្សទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់ការបន្តទៀត។

ការបង្ហាញវីដេអូកាមេរ៉ាសុវត្ថិភាពនៅពេលនេះ ធ្វើឡើងដើម្បីបញ្ចប់រាល់មន្ទិលសង្ស័យរបស់មហាជននៅលើបណ្ដាញសង្គម បន្ទាប់ពីកាលពីម្សិលមិញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា អ្នកបើកបរមិនមែនជាកូនអភិបាលស្រុកនោះទេ៕

You might also like