ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ស្នើដល់សាលាក្រុងនន់សាន់បន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយស្ថានទូតក្នុងការផ្តល់ព័ត៌មានគ្នាទៅវិញទៅមក
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក Baek Seong Hyeon អភិបាលក្រុងនន់សាន នៅសាលាក្រុងនន់សាន់ ក្នុងខេត្តឈុងឆុងណាំដូ ប្រទេសកូរ៉េ។
ឯកឧត្តមឯកអគ្គរាជទូតបានថ្លែងអំណរគុណចំពោះលោកអភិបាលក្រុងនន់សាន់ដែលបានទទួលស្វាគមន៍ក្រុមការងារស្ថានទូតយ៉ាងកក់ក្តៅ ព្រមទាំងថ្លែងអំណរគុណចំពោះសាលាក្រុងដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពរបស់បងប្អូនពលករកម្ពុជាដែលកំពុងបំរើការងារ និងរស់នៅក្នុងតំបន់នន់សាន់ ប្រមាណ ១៧០០នាក់ ដែលជាចំនួនច្រើនជាងគេប្រៀបទៅនឹងពលករបរទេសដទៃទៀត។
ឯកឧត្តមឯកអគ្គរាជទូត បានស្នើសាលាក្រុងនន់សាន់បន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយស្ថានទូតក្នុងការផ្តល់ព័ត៌មានគ្នាទៅវិញទៅមក ដើម្បីរក្សាឱ្យបាននូវសុវត្ថិភាព និងដោះស្រាយបញ្ហាឱ្យទាន់ពេលវេលាជូនបងប្អូនពលករដែលកំពុងរស់នៅក្នុងតំបន់នេះ។
ដោយសំលឹងឃើញពីសក្តានុពលកសិកម្មរបស់ក្រុងនន់សាន់ ឯកឧត្តមឯកអគ្គរាជទូតក៏បានស្នើឱ្យសាលាក្រុងនុនសាន់ពិចារណាក្នុងការភ្ជាប់ទំនាក់ទំនងសហប្រត្តិបត្តិការរវាងក្រុងនន់សាន់ និងខេត្តក្រុងណាមួយរបស់ប្រទេសកម្ពុជា ពិសេសខេត្តបាត់ដំបងដែលជាខេត្តមួយដ៏មានសក្តានុពលលើវិស័យកសិកម្មរបស់កម្ពុជា។
ឯកឧត្តមឯកអគ្គរាជទូត ក៏បានអញ្ជើញលោកអភិបាលក្រុងទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងឱកាសសមស្របណាមួយ។ ជាការឆ្លើយតប លោកអភិបាលក្រុង បានមានប្រសាន៍ថា លោកនឹងទៅទស្សនាប្រទេសកម្ពុជាក្នុងឱកាសណាមួយក្នុងពេលខាងមុខ។






