ប្រធានអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង ជំរុញឱ្យអតីតយុទ្ធជនប្រឹងប្រែងដាំដុះលើដីដែលបានប្រគល់ជូន

កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ បានជំរុញអោយអតីតយុទ្ធជនទាំងអស់ ត្រូវខំប្រឹងប្រែងដាំដំណាំគ្រប់ប្រភេទលើដីដែលសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន បានប្រគល់ជូន ធ្វើយ៉ាងណាប្រែក្លាយដីនេះ អោយមានដំណាំហូបផ្លែគ្រប់មុខ ចិញ្ចឹមសត្វ ដើម្បីអោយជីវភាពបងប្អូនបានធូធារមួយកម្រឹតថែមទៀត។ ឯកឧត្តមបានថ្លែងបែបនេះ ក្នុងពេលចុះចាប់យកលេខផ្ទះ និងដីជូនអតីតយុទ្ធជនចំនួន៤៩ខ្នងទៀតនៅភូមិអូកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ឯកឧត្តមបានបន្តថា៖ ដោយអតីតយុទ្ធជនមានគុណបំណាច់ចំពោះជាតិ មាតុភូមិ ប្រជាជន និងមានការយកចិត្តទុកដាក់ខ្ពស់លើសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន សម្តេចបានផ្តល់ជូននូវផ្ទះរស់នៅ និងដីសំរាប់ដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាព។ សំរាប់ខេត្តកំពង់ឆ្នាំង បានប្រគល់ផ្ទះ និងដីជូនអតីតយុទ្ធជនបានច្រើនរួចមកហើយ ហើយអតីតយុទ្ធជនមួយចំនួនបាន និងកំពុងខំប្រឹងប្រែងដាំដំណាំបានជាច្រើនមុខ រហូតអ្នកខ្លះបានដាំចំការមៀនហូបផ្លែរាប់ពាន់ដើម និងបានទទួលផលជាបណ្តើរៗ។ អ្នកខ្លះបណ្តុះកូនដើមចន្ទីលក់ រួមនិងផ្លែឈើជាច្រើនមុខទៀត។ ដោយឡែកការចិញ្ចឹមសត្វវិញ ក៏បាន និងកំពុងចិញ្ចឹមបានច្រើនផងដែរ ហើយបងប្អូនចង់មកលេងនៅភូមិអូកាខុប បងប្អូនអាចជាវមាន់ស្រែរបស់ពួកគាត់ពិសារបាន។
ចំណែកបងប្អូនអតីតយុទ្ធជន ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ដែលមិនបានបោះបង់ចោលពួកគាត់ក្នុងគ្រាដែលពួកគាត់ជួបការលំបាក។ ការខិតខំរបស់សម្តេច ធ្វើអោយកូនចៅបំភ្លេចមិនបាន និងប្តេជ្ញាខិតខំដាំដុះដំណាំរួមផ្សំជួយដល់ជីវភាពគ្រួសារ និងសំរាលបន្ទុកខ្លះរបស់រាជរដ្ឋាភិបាល។ ពេលបានផ្ទះ និងដីធំទូលាយបែបនេះ ពួកគាត់ពិតជាសប្បាយចិត្តខ្លាំង និងមិនដែលនឹកស្មានថាបានបែបនេះឡើយ។
ការស្វែងរកសុខសន្តិភាព មិនមែនជាការងាយស្រួល ដែលគ្រាន់តែនិយាយហើយកើតឡើងបាននោះទេ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធិសភា និងជាប្រធានសមាគមអតីតយុទ្ធជន បានខំប្រឹងប្រែងស្វែងរកសន្តិភាព ផ្សះផ្សាជាតិខ្មែរតែមួយ ដឹកនាំ អភិវឌ្ឍន៍បានល្អប្រសើរលើគ្រប់វិស័យនៅថ្ងៃនេះ គឺមានអតីតយុទ្ធជនយើងជាច្រើនបានបូជាសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ប្រជាជន និងសន្តិភាព។ ក្នុងពេលប្រទេសជាតិបានសុខសាន្ត មានសន្តិភាពពេញលេញ អ្វីដែលសម្តេចតេជោមិនអាចបំភ្លេចបាន គឺបងប្អូនអតីតយុទ្ធជនទាំងអស់៕

You might also like