បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ណែនាំយុវជនត្រូវចង់ចាំឱ្យបានច្បាស់ពីមហិច្ឆតាឈ្លានពាន ការរំលោភមកលើអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ពីសំណាក់យោធាថៃ

ក្រចេះ ៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល ណែនាំយុវជនត្រូវចង់ចាំឱ្យបានច្បាស់ពីមហិច្ឆតាឈ្លានពាន ការរំលោភមកលើអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ពីសំណាក់យោធាថៃ យើងទាំងអស់ត្រូវតែចង់ចាំពីការឈឺចាប់នេះ។

ការណែនាំពីសំណាក់ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានធ្វើឡើងក្នុងឱកាសអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល (យ.គ.ក.) ក្នុងវេទិកា «ពិភាក្សាជាមួយយុវជនខេត្តក្រចេះ» ក្នុងដំណើរបេសកកម្ម គោលដៅទី ៧ នាព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តមបណ្ឌិតបានជម្រាបពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងស្ថានភាពការឈ្លានពានរបស់ទាហានថៃ និងយន្តការនានាក្នុងការដោះស្រាយជម្លោះប្រកបដោយសន្តិវិធី តាមរយៈយន្តការទូត យន្តការច្បាប់ និងយន្តការសារព័ត៌មានផ្សព្វផ្សាយពីការពិតដល់មជ្ឈដ្ឋានជាតិនិងអន្តរជាតិ។

ទន្ទឹមនិងនេះដែរដើម្បីឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន ឯកឧត្តមបណ្ឌិតប្រធាន បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដូចខាងក្រោម៖

១. យុវជនគណបក្សត្រូវបន្តពង្រឹងសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ និងលើកកម្ពស់ស្មារតីស្នេហាជាតិ ក្នុងស្ថានភាពប្រទេសកម្ពុជាត្រូវបានឈ្លានពានដោយខុសច្បាប់ពីសំណាក់យោធាថៃ និងជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់ល្បិចកលចិត្តសាស្រ្តរបស់សត្រូវ ក្នុងការបំបែកបំបាក់ផ្ទៃក្នុងកម្ពុជា។

២. ត្រូវបន្តលើកកម្ពស់ស្មារតីស្នេហាជាតិ និងបូរណភាពទឹកដី ដោយបន្តគាំទ្រជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ជាប្រមុខគណបក្សដ៏មុតមាំ ព្រមទាំងត្រូវបន្តគាំទ្រជឿជាក់លើរាជរដ្ឋាភិបាល ដែលមាន សម្តេចបវរធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្ស ដែលសម្តេចថ្នាក់ដឹកនាំទាំងពីរ តែងគិតគូរយកចិត្តទុកដាក់ដោះស្រាយបញ្ហា ដោយយកអាយុជីវិតប្រជាពលរដ្ឋ និងទឹកដីជាធំ ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញរបស់ប្រទេសយើង។

៣. យុវជនត្រូវបញ្ជ្រាបបន្តដល់ប្រជាពលរដ្ឋពីគោលនយោបាយរបស់រាជរដ្ឋាភិបាល។ អំពាវនាវឱ្យសមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជាទាំងអស់ យល់យ៉ាងច្បាស់ពីគោលជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រួមមានតាមរយៈយន្តការច្បាប់អន្តរជាតិ ការទូត និងមធ្យោបាយព័ត៌មាន ដើម្បីយកទឹកដីរបស់យើងមកវិញឱ្យទាល់តែបាន។

៤. ក្តាប់ជាប់ឱ្យបានពីសារៈសំខាន់នៃកម្មវិធីនយោបាយរបស់គណបក្ស សម្រាប់ដំណើរឆ្ពោះទៅការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២៧ និង ឆ្នាំ២០២៨ ខាងមុខនេះ ដើម្បីធានាឱ្យបក្សទទួលបានជោគជ័យ ទាំងការបោះឆ្នោតនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ។

៥. យុវជនគណបក្សនៅគ្រប់បណ្តាថ្នាក់ ត្រូវបន្តប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ហើយត្រូវខិតខំផ្សព្វផ្សាយ ក៏ដូចជាចូលរួមគាំទ្រលើ Page របស់សម្តេចទាំងពីរ និងបណ្តាញផ្សព្វផ្សាយព័ត៌មានផ្សេងៗទៀត នៅលើរាល់សមិទ្ធិផលនានាដែលគណបក្សបានខិតខំសម្រេចបាន ឱ្យបានផុលផុសបន្ថែមទៀតដល់ប្រជាពលរដ្ឋ។ យើងទាំងអស់គ្នា ក្នុងនាមជាយុវជន ត្រូវចង់ចាំឱ្យបានច្បាស់ពីមហិច្ឆតាឈ្លានពាន ក៏ដូចជាការរំលោភមកលើអធិបតេយ្យភាព ពីសំណាក់យោធាថៃមកលើបូរណភាពទឹកដីកម្ពុជា។ យើងទាំងអស់ត្រូវតែចង់ចាំពីការឈឺចាប់ ពីការធ្វើបាប និងការបំផ្លិចបំផ្លាញនូវអាយុប្រជាជនស្លូតត្រង់ និងហេដ្ឋារចនាសម្ព័ន្ធជាតិ មានជាទិ៍ ផ្ទះសម្បែងប្រជាជន ផ្លូវថ្នល់ វត្តអារាម មន្ទីពេទ្យ សាលារៀន ប្រាង្គប្រាសាទ និងមិនត្រូវភ្លេចខ្លួន ត្រូវតែធ្វើសកម្មភាពជាយុទ្ធសាស្ត្រការពារទឹកដីរបស់យើង។

៦. សូមយុវជនបន្តចូលរួមធ្វើការបកស្រាយ និងវាយបកនូវរាល់ព័ត៌មានមិនពិត ក្លែងក្លាយដែលអាចនាំឱ្យប្រទេសជាតិបែកបាក់សាមគ្កីផ្ទៃក្នុងនិងបាត់បង់ជំនឿទុកចិត្តចំពោះថ្នាក់ដឹកនាំ។

៧. ស្នើសុំគណៈកម្មាធិការគណបក្សខេត្តក្រចេះគ្រប់ថ្នាក់ទាំងអស់ ត្រូវបន្តរៀបចំវេទិកាជួបយុវជននៅក្រុង ស្រុក ឱ្យបានទូលំទូលាយ ដើម្បីផ្សព្វផ្សាយនូវគោលនយោបាយលើវិស័យការពារជាតិ ការទូត ក៏ដូចជាវិស័យកសិកម្ម និងវិស័យផ្សេងៗទៀតដែលជាសសរស្តម្ភ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ការរក្សាបាននូវសុខសន្តិភាព និងសណ្តាប់ធ្នាប់ជូនជនរួមជាតិ។

៨. លើកទឹកចិត្តដល់សមាជិក-សមាជិកាទាំងអស់បន្តការផ្ញើសំណួរ និងសំណូមពរបន្ថែម នាពេលក្រោយតាមរយៈក្រុមការងារ៕

You might also like