អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នាំយកអំណោយគ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្តល់ជូនជនភៀសសឹក
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៦ សមាគមសង្គហមិត្តមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមការងារ អញ្ជើញ ជួបសំណេះសំណាល និងនាំយកអំណោយគ្រឿងឧបភោគបរិភោគ និងសម្ភារៈ ផ្តល់ជូនបងប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព នៅស្រុកអូរជ្រៅ និងស្រុកថ្មពួក និងស្បៀងអាហាររួមមានគ្រឿងឧបភោគបរិភោគ សម្ភារៈ ប្រើប្រាស់ ជូនដល់កងកម្លាំង ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។
នាឱកាសនោះដែរឯកឧត្តបណ្ឌិត គុណ ញឹម បានមានប្រសាសន៍សំណេះសំណាលផ្ទាល់ជាមួយនឹងបងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ដែលអាជ្ញាធរខេត្ត បានរៀបចំជូនស្នាក់បណ្តោះអាសន្នចំនួន៤ទីតាំង ក្នុងស្រុកអូរជ្រៅ២ទីតាំង និងស្រុកថ្មពួក ២ទីតាំង។
ជាមួយគ្នានោះដែរឯកឧត្តម បានកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជម្លោះព្រំដែន ដែលមានការអត់ធ្មត់និងជឿជាក់ទៅលើការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលក្រោមការ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន ដោយសារយោធាថៃឈ្លានពានរំលោភមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។
ឯកឧត្តម ក៏បានអំពាវនាវ ឱ្យបងប្អូនបន្តរក្សាការអត់ធ្មត់ និងជឿជាក់ទៅលើរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ឱ្យវិលត្រឡប់ទៅរកស្ថានភាពដូចមុន និងអាចឱ្យបងប្អូនឆាប់បានវិលត្រឡប់ទៅលំនៅឋានវិញផងដែរបន្ទាប់ពីមានការដោះស្រាយរួចរាល់នោះ។
ឯកឧត្ដម បានបញ្ជាក់ទៀតថា បើទោះបីជាទីនេះមិនដូចការរស់នៅដូចផ្ទះបងប្អូន ឯកឧត្តម សុំឱ្យបងប្អូនភៀសសឹករស់នៅជាមួយគ្នា ដោយមានការសាមគ្គីភាពគ្នា និងចូលរួមថែរក្សាសុខភាពឱ្យបានល្អ ត្រូវមានអនាម័យក្នុងការរស់នៅឲ្យបានល្អប្រសើរផងដែរ។






