គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) បួនគន្លង សម្រេចការងារបាន ៩៥,៥% ហើយ
(កំពង់ចាម)៖ គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម) ) ប្រវែងសរុប ៤៥,៥០ គីឡូម៉ែត្រ សម្រេចការងារបានចំនួន ៩៥,៥% ហើយ ខណៈអាជ្ញាធរខេត្តបានពន្លឿនក្រុមហ៊ុនម៉ៅការ ដើម្បីស្ថាបនាឱ្យរួចរាល់ មុនពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។
នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នេះដែរ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម)នេះផងដែរ។
បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ដែលមានប្រវែងសរុប ៤៥,៥០ គីឡូម៉ែត្រ (PK000+000 – PK45+502.84) ចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តបានពន្លឿនក្រុមហ៊ុនម៉ៅការ ដើម្បីស្ថាបនាឱ្យរួចរាល់ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ដោយបានសំណូមពរដល់ជំនាញពាក់ព័ន្ធទាំងអស់ត្រូវខិតខំបំពេញការងារដើម្បីពង្រឹងគុណភាពផ្លូវ និងត្រូវចុះអនុវត្តការងារបំពាក់ផ្លាកសញ្ញាចរាចរណ៍ឲ្យបានត្រឹមត្រូវផងដែរ៕






