ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់សំណង់ស្ទាក់ទឹកកំពង់គោ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
នាថ្ងៃអាទិត្យ ៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមមន្ត្រីបច្ចេកទេស និងទីប្រឹក្សាជំនាញ ចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់សំណង់ស្ទាក់ទឹកកំពង់គោ ដែលមានទីតាំងស្ថិតក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងឱកាសចុះពិនិត្យផ្ទាល់ដល់ទីតាំងការដ្ឋាន ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងផ្ដល់អនុសាសន៍ណែនាំដល់ក្រុមហ៊ុនម៉ៅការសាងសង់ ក្រុមការងារបច្ចេកទេស និងវិស្វករប្រចាំការដ្ឋាន ត្រូវបង្កើនស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច ដោយត្រូវគោរពតាមបទដ្ឋានបច្ចេកទេស និងនិយាមឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីធានាឱ្យបាននូវគុណភាពសំណង់រឹងមាំយូរអង្វែង។
ទន្ទឹមនឹងនេះ ឯកឧត្តមបានជំរុញឱ្យក្រុមហ៊ុនម៉ៅការ ពន្លឿនការងារ ឱ្យស្របតាមផែនការកំណត់ ដើម្បីឈានទៅសម្រេចបានតាមគោលដៅគ្រោងទុក ព្រមទាំងត្រូវយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានសុវត្ថិភាព និងផលប៉ះពាល់បរិស្ថានជាចម្បង សំដៅឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកសម្រាប់បម្រើឱ្យវិស័យកសិកម្ម និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព៕






