ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការសកម្មភាពអភិវឌ្ឍន៍ជនបទប្រចាំត្រីមាសទី១ និងទិសដៅការងារបន្ត របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត
កំពត៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងជារដ្ឋលេខាធិការ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការសកម្មភាពអភិវឌ្ឍន៍ជនបទ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និង ទិសដៅការងារបន្តរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត។
កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ លោកកអភិបាលរងខេត្ត ថ្នាក់ដឹកនាំ, លោក លោកស្រី និងមន្ត្រីរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តផងដែរ។
នាឱកាសនោះឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលមន្ទីរសម្រេចបាន និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់អនុវត្តការងារយ៉ាងសកម្ម ស្របតាមក្របខ័ណ្ឌតួនាទី ភារកិច្ចដែលក្រសួងប្រគល់ជូន ដើម្បីសម្រេចបានតាមគោលដៅនៃផែនការយុទ្ធសាស្ដ្ររបស់ក្រសួង និងឈានទៅសម្រេចចក្ខុវិស័យនៃគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទ គឺ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយ បរិយាបន្ន សមធម៌ និងចីរភាព” ។
ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបានទាំងនេះ គឺពិតជាបានឆ្លើយតបចំគោលដៅ និងសំណូមពររបស់ប្រជាពលរដ្ឋ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការចូលរួមឱ្យសម្រេចនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបណ្ឌិតក៏បានលើកឡើងពីសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពីវិធានការសន្សំសំចៃក្នុងការប្រើប្រាស់ប្រេងឥន្ធន: និងអគ្គិសនី ក្នុងស្ថានភាពដ៏លំបាកនេះ។
នាឱកាសនោះឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានផ្តល់អនុសាសន៍មួយចំនួនដើម្បីជាការតម្រង់ទិសក្នុងការបន្តអនុវត្តតួនាទីភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ដូចខាងក្រោម៖
១, ការអភិវឌ្ឍនិងថែទាំហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទប្រកបដោយភាពធន់ តាមរយៈការលើកកម្រិតគុណភាពនិងការថែទាំផ្លូវជនបទឱ្យមាននិរន្តរភាពដើម្បី តភ្ជាប់និងសមាហរណកម្មវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ រវាងតំបន់ជនបទ ទីប្រជុំជន ទីក្រុង និងតំបន់តាមបណ្ដោយព្រំដែន ផ្សាភ្ជាប់សកម្មភាព ធុរកិច្ចផ្សេងៗឱ្យមានភាពរស់រវើកនិងកាន់តែសកម្មឡើងបន្ថែមទៀត ដែលជា មូលដ្ឋានគ្រឹះនៃការបង្កើនប្រាក់ចំណូលរបស់គ្រួសារនៅក្នុងតំបន់ជនបទ។
២, ការផ្គត់ផ្គង់ទឹកស្អាតនិងលើកកម្ពស់អនាម័យជនបទទាំងកម្រិតមូលដ្ឋាននិងកម្រិតសុវត្ថិភាពប្រកបដោយភាពធន់និងបរិយាបន្ន តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតជនបទនិងការអនុវត្តអនាម័យផ្ទាល់ខ្លួនតាមក្បួនខ្នាតត្រឹមត្រូវ ដើម្បីជួយឱ្យប្រជាជនជៀសផុតពីជំងឺឆ្លងផ្សេងៗ មានសុខភាពល្អ រស់នៅក្នុងបរិស្ថានល្អមានអាយុសង្ឃឹមរស់ជាមធ្យមកាន់តែវែង ដែលជាសេចក្តីប្រាថ្នារបស់មនុស្សគ្រប់រូបនិងក្លាយជាធនធានមនុស្សប្រកបដោយសុខភាពល្អសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
៣, ការអភិវឌ្ឍសហគមន៍ជនបទ ជាពិសេសជំរុញការអភិវឌ្ឍចម្រុះនិងបន្តការអនុវត្ត ចលនាភូមិមួយផលិតផលមួយ និងចលនាភូមិគំរូប្រកបដោយភាពធន់និងបរិយាបន្ន
តាមរយៈការអភិវឌ្ឍភូមិគំរូគន្លឹះនិងការអភិវឌ្ឍសហគមន៍ជនបទចម្រុះ រួមទាំងសហគមន៍ដីសម្បទានសង្គមកិច្ចគ្រប់ប្រភេទ និងសហគមន៍ជនជាតិដើមភាគតិច ដើម្បីកសាងមូលធនមនុស្ស ដែលជាមូលដ្ឋានគ្រឹះក្នុងការធ្វើឱ្យតំបន់ជនបទ មានការរីកចម្រើនប្រកបដោយភាពស៊ីវីល័យ និងសេចក្ដីថ្លៃថ្នូរតជំនាន់ទៅអនាគត។
៤, ការបង្កើនប្រាក់ចំណូលគ្រួសារនៅតំបន់ជនបទប្រកបដោយចីរភាពដោយ ធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារ មុខរបរនិងនវានុវត្តន៍ការងារ តាមរយៈការបណ្តុះបណ្តាល បច្ចេកទេស ជំនាញវិជ្ជាជីវៈ ជំនាញបំណិនជីវិតសហគ្រិនភាព ដើម្បីបង្កើតមុខរបរ ទីផ្សារ ឱកាសការងារ និងកំណើនប្រាក់ចំណូលគ្រួសារ ព្រមទាំងកាត់បន្ថយ ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន។
៥, ការលើកកម្ពស់អភិបាលកិច្ច ឌីជីថល និងកិច្ចសហប្រតិបត្តិការ តាមរយៈការរៀបចំគោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ ដើម្បីចូលរួមអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលធានាប្រសិទ្ធភាពក្នុងការផ្តល់សេវាប្រកបដោយគណនេយ្យភាព តម្លាភាព សហប្រតិបត្តិការ និងអភិបាលកិច្ចល្អ សំដៅគ្រប់គ្រងនិងអនុវត្តផែនការថវិកានៃកម្មវិធីអភិវឌ្ឍន៍ជនបទ ឱ្យមានប្រសិទ្ធភាព និងស័ក្កសិទ្ធិភាព៕







