លិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក

ភ្នំពេញ៖ សពមនុស្ស០៣នាក់ត្រូវបានស្រង់ចេញពីទឹក និង០៥នាក់ទៀតកំពុងបន្តបាត់ខ្លួន ក្នុងហេតុការណ៍លិចទូកស្មាច់កណ្តាលទន្លេ ស្ថិតក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា កាលពី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ។

នៅមុនពេលកើតហេតុ មានបងប្អូនប្រជាពលរដ្ឋប្រុសស្រីក្មេងចាស់ចំនួន ១៤ នាក់បានឡើងជិះទូកស្មាច់មួយគ្រឿង ចេញដំណើរពីមូលដ្ឋានខេត្តកណ្ដាល តាមទន្លេ មកភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ខណៈមកដល់កណ្ដាលទន្លេស្រាប់តែលិចទូកតែម្ដង បណ្ដាលឲ្យ បាត់មនុស្សចំនួន០៨នាក់ និង០៦នាក់បន្ថែមទៀតត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។
ភ្លាមៗក្រោយទទួលបានដំណឹង កម្លាំងអាជ្ញាធររាជធានីភ្នំពេញ រួមជាមួយអាជ្ញាធរខណ្ឌជ្រោយចង្វារ បានចេញអូប័រ ដើម្បីជួយអន្តរាគមន៍សង្គ្រោះ និងស្វែងរកមនុស្សដែលបានបាត់ខ្លួន។ រហូតមកដល់រសៀលថ្ងៃខែដដែល កម្លាំងអាជ្ញាធរបានជួយអន្តរាគមន៍ ស្វែងរកឃើញ សពចំនួន៣នាក់ និងនៅបាត់ខ្លួនចំនួន០៥នាក់បន្ថែមទៀត។
តាមប្រភពអ្នកភូមិ បានលើកឡើងថា ទំហំទូកដែលបានលិច នោះគឺអាចផ្ទុកអ្នកជិះបានតែ៥នាក់ប៉ុណ្ណោះ ប៉ុន្តែពួកគាត់បានឡើងជិះទូករហូតដល់១៤នាក់ ធ្វើឲ្យលើសចំណុះ ទើបបណ្ដាលឲ្យលិច។
បច្ចុប្បន្នឃើញវត្តមាន លោក សុខ ពេញវុធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញបន្តដឹកនាំកម្លាំងជំនាញស្វែងរកមនុស្សដែលបានបាត់ខ្លួនបន្តទៀត នៅកន្លែងហេតុ៕

You might also like