ប្រើប្រាស់គ្រឿងញៀនជាមួយគ្នាទាស់ពាក្យសម្តីគ្នា ភាគីម្ខាងច្របាច់ក ភាគីម្ខាងទៀតស្លាប់ នៅស្រុកពញាឮ

ខេត្តកណ្ដាល៖ ដោយសារឥទ្ធិពលគ្រឿងញៀន យុវជន២នាក់បានទាស់ពាក្យសម្ដីគ្នារហូតឈានដល់វាយគ្នាធ្វើឲ្យយុវជនម្នាក់ច្របាច់កយុវជនម្នាក់ទៀតជាគូទំនាស់រហូតដាច់ខ្យល់ស្លាប់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៦ ចំណុចឃ្លាំងធ្វើក្ដារមឈូស ភូមិ ប្រាសាទ ឃុំឈ្វាំង ស្រុកពញាឮ ខេត្ត កណ្តាល។

មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហៀង សុភ័ក្ក្រ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ ប្រាសាទ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ សែម ចន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិប្រាសាទ ឃុំ ឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ។ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម(+) ។ វត្ថុតាងចាប់យក៖ គ្មាន។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនសង្ស័យឈ្មោះ សែម ចន បានជិះម៉ូតូត្រឡប់មកពីធ្វើជាកម្មករធ្វើម៉ុងជាមួយឈ្មោះ ពុធ ភេទប្រុស។ ពេលមកដល់ផ្ទះរបស់ឈ្មោះ ពុធ បានមួយសន្ទុះ ជនសង្ស័យបានជិះម៉ូតូទៅឃ្លាំងលក់ក្តារមឈូស របស់ឈ្មោះ ហួត ពេលនោះបានជួបនឹងជនរងគ្រោះឈ្មោះ ហៀង សុភ័ក្ក្រ កំពុងនៅក្នុងឃ្លាំងធ្វើក្ដារមឈូសហើយបាននាំគ្នាប្រើប្រាស់គ្រឿងញៀននៅក្នុងឃ្លាំងខាងលើនោះដែលជនរងគ្រោះនិងជនសង្យ័យស្នាក់នៅ។ ក្រោយមកជនសង្ស័យបានសួរជនរងគ្រោះថា៖ ខ្ញុំសុំយកខោដែលខ្ចី ថ្ងៃមុននោះវិញ។ ជនរងគ្រោះឆ្លើយថា៖ស្អីហ្អា! គ្រាន់តែខ្ចីមួយថ្ងៃសោះទារយកវិញដែរ។ ភ្លាមនោះជនសង្ស័យខឹងបានស្ទុះទៅវាយប្រតាយប្រតប់គ្នាបណ្ដាលអោយជនរងគ្រោះដួលលើសាបជនសង្ស័យក៏នៅពីលើហើយធ្វើសកម្មភាពយកដៃចាប់ច្របាច់កជនរងគ្រោះបណ្ដាលអោយដាច់ខ្យល់ស្លាប់តែម្ដង រួចហើយជនសង្ស័យបានស្រាតខោពីខ្លួនជនរងគ្រោះយករត់គេចខ្លួនបាត់។ ក្រោយមកសាច់ញាតិរបស់ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈ្វាំង ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងហើយកម្លាំងប៉ុស្តិ៍និងផ្នែកជំនាញបានចុះទៅកន្លែងកើតហេតុធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ សែម ចន បានឆ្លើយសារភាពថា៖ មូលហេតុដែលខ្លួនធ្វើសកម្មភាពច្របាច់កសម្លាប់ជនរងគ្រោះដោយសាររូបខ្លួនខឹងជនរងគ្រោះខ្ចីខោមិនអោយនឹងប្រើសម្តីឈ្លើយ។
លុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ កម្លាំងផ្នែកបច្ចេកទេសបានចុះធ្វើកោសល្យវិច័យសាកសព រួចបានប្រគល់សាកសពទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសូរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

You might also like