ស្ត្រីអ្នកបើកបរ និង កូនអភិបាលស្រុកកងមាស លុតជង្គង់សំពះ សូមទោសក្រុមគ្រួសារជនរងគ្រោះ និង មហាជន

• នៅល្ងាចថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៦ នេះ តាមរយៈគណនី ឧត្តមសេនីយ៍ទោ ស្នងការរងផែនចរាចរណ៍ ហេង រតនា បានបង្ហោះវីដេអូ ស្ត្រីអះអាងថាជាអ្នកបើក និង កូនអភិបាលស្រុកកងមាស បានសំពះលុតជង្គង់សូមទោសដល់ក្រុមគ្រួសារក្មេងប្រុសរងគ្រោះ និង មហាជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ខណៈបច្ចុប្បន្នអ្នកទាំងពីរ ត្រូវបានបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធីច្បាប់ហើយ។
• គូសបញ្ជាក់ផងដែរថា វីដេអូលុតជង្គង់សំពះសុំអភ័យទោសនេះ ធ្វើឡើងមុនពេលអ្នកទាំង ២ ត្រូវបញ្ជូនទៅកាន់តុលាការ ខណៈនៅព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៦ នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរលើអ្នកបើកបររថយន្ដបង្ក និង កូនប្រុសអភិបាលស្រុកកងមាស ខេត្តកំពង់ចាម ពាក់ព័ន្ធករណីបើកបុកអ្នកដំណើរ ដែលជាក្មេងប្រុសម្នាក់ បណ្ដាលឱ្យរងរបួសធ្ងន់ នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
• ការស៊ើបសួរនេះផងដែរ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនខ្លួនដល់សាលាដំបូងរាជធានីភ្នំពេញ។
• ទាក់ទិនទៅរឿងនេះផងដែរ មន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ឱ្យបានដឹងថា នៅពេលនេះ តំណាងអយ្យការកំពុងបន្ដនីតិវិធីនៃការស៊ើបសួរ ហើយមិនទាន់អាចបញ្ជាក់អំពីចំណាត់ការយ៉ាងណានោះទេ ប៉ុន្ដែបើតាមនីតិវិធី ប្រសិនបើតំណាងអយ្យការយល់ឃើញថា អង្គហេតុខាងលើជនសង្ស័យទាំង ២ នាក់ មានពិរុទ្ធភាពនោះ នឹងត្រូវចោទប្រកាន់ជាផ្លូវការ តាមព្យសនកម្មនៃបទល្មើស ហើយបន្តបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ។
• សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់នេះផងដែរ បានកើតឡើងកាលពីយប់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៦ នៅម្តុំមុខស្ថានីយទូរទស្សន៍ថោន ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាវេលាម៉ោង ៩ យប់។
• ករណីនេះ បង្កឡើងដោយរថយន្តម៉ាក FORTHING ពាក់ផ្លាកលេខ កម្ពុជា P.YEAN.7 មានគ្នា ២ នាក់ (ប្រុស-ស្រី) បានបើកបុកម៉ូតូមួយគ្រឿងម៉ាក HONDA TODAY ពាក់ផ្លាកលេខ ភ្នំពេញ 1J-4604 បណ្ដាលឱ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់ ពេលនេះកំពុងសង្គ្រោះនៅក្នុងមន្ទីរពេទ្យ។
• ជុំវិញករណីនេះដែរ កន្លងមកមហាជនក៏មានការខឹងសម្បា និង ទទួលយកមិនបានឡើយ ដោយសារបន្ទាប់ពីកើតហេតុ ភាគីរថយន្តបង្កបានបោះពាក្យសម្ដីមើលងាយអាយុជីវិតក្មេងប្រុស ដោយបាននិយាយថាឱ្យលុយ ២ ម៉ឺន ចប់រឿងហើយ ធ្វើឱ្យប្រជាពលរដ្ឋខឹង និង មិនព្រមឱ្យសមត្ថកិច្ចនាំយកអ្នកបើកបរទៅទេនៅពេលនោះ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ក្នុងនោះក៏មានការជជែកវែគញែកទៅលើអ្នកបររថយន្តផងដែរ ខណៈបើយោងតាមការបំភ្លឺរបស់ភាគីរថយន្តបង្ក បានឆ្លើយចំពោះមុខសមត្ថកិច្ចឱ្យដឹងថា អ្នកបើកបររថយន្តបង្កគឺជាស្រ្តី ដោយមុនពេលកើតហេតុស្រ្តីនោះបានបើករថយន្តចេញពីកន្លែងផឹកស៊ីជាមួយបុរសដែលរួមដំណើរពីហាងមួយកន្លែងក្នុងខណ្ឌសែនសុខ៕

You might also like