ស្នងការនគរបាលខេត្តមណ្ឌលគិរី បញ្ជាបង្ក្រាបទីតាំងជល់មាន់ខុសច្បាប់មួយកន្លែង ឃាត់ខ្លួនមនុស្ស ១២នាក់

ខេត្តមណ្ឌលគិរី ៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា បានចុះប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់ខុសច្បាប់មួយកន្លែង កាលពី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។
សេចក្តីរាយដែលកោះសន្តិភាពទទួលបាននាសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានឲ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអន្តរាគមន៍ បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១២នាក់ (ប្រុស) និងដកហូតវត្ថុតាងមួយចំនួនរួមមាន មធ្យោបាយធ្វើដំណើរ ម៉ូតូចំនួន ៨គ្រឿង និងម៉ូតូកង់បី ចំនួន ១គ្រឿង។សម្ភារៈល្បែង អង្រុតចំនួន ៤, កន្ត្រក ១ និងមាន់ជល់ (ងាប់) ចំនួន ១២ក្បាល។

ប្រភពបន្តថា ចំពោះអ្នកលេងចំនួន ១១នាក់ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ រួចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ រួមជាមួយការប្រគល់វត្ថុតាងមួយចំនួនជូនម្ចាស់វិញផងដែរ។ចំពោះម្ចាស់ទីតាំង ឈ្មោះ ង្វៀង វ៉ាន់ដឹក ជនជាតិវៀតណាម ភេទប្រុស អាយុ ៦៣ឆ្នាំ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

You might also like