ឃាត់ខ្លួនជនសង្ស័យចំនួន៤ នាក់ ករណីកាន់កាប់និងដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត
ខេត្តតាកែវ ៖ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំរោងឲ្យដឹងនៅថ្ងៃទី២៤ខែមីនានេះថា ដោយមានការណែនាំចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តតាកែវ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ភី ឆុន អធិការនគរបាលស្រុកសំរោង បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ ធ្វើការចល័តល្បាតក្នុងមូលដ្ឋាន បានបង្រ្កាបបានករណីកាន់កាប់ និងដឹក ជញ្ជូនអាវុធ(ដាវ) ដោយគ្មានការអនុញ្ញាត ។
ហេតុការណ៍នេះកើតឡើងនៅចំណុចភូមិដេីមធ្លក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដោយបានឃាត់ខ្លួនជន សង្ស័យចំនួន ០៤ នាក់ ទី១.ឈ្មោះ ធូ វុត្ថា ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិកំពង់ក្ដុល សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ទី២.ឈ្មោះ ធី ពុធលាភ ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិកោះទៀវ(ខ) សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ទី៣.ឈ្មោះ សុខា សុខណា ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិកោះទៀវ(ក) សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល និងទី៤.ឈ្មោះ ភៀវ រដ្ឋា ហៅជ្រុយ ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិកំពង់ក្ដុល សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ។
ក្រោយពីសាកសួរជនសង្ស័យឈ្មោះ ធូ វុត្ថា និងឈ្មោះ ធី ពុធលាភ ក៏បានឆ្លើយសារភាពថារូបគេទាំងពីរនាក់ រួមទាំងបក្ខពួក៤នាក់ផ្សេងទៀត ធ្លាប់ធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូនៅក្នុងទឹកដីស្រុកសំរោង ចំនួន ០៣ ករណីផងដែរ (ផ្លូវជាតិលេខ ២ ផ្លូវជាតិលេខ៣ និងផ្លូវបេតុងភូមិតាយឹង) ។
ជនសង្ស័យ រួមទាំងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវីធី៕






