ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកបច្ចេកទេស អញ្ជើញចុះពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោងថែទាំប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង និងខេត្តព្រៃវែង
នាថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារថែទាំជាប្រចាំ (ដំណាក់កាលទី១) និងការងារថែទាំខួបលើប្រព័ន្ធធារាសាស្ត្រសំខាន់ៗមួយចំនួន ស្ថិតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង និងខេត្តព្រៃវែង។
ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមអគ្គនាយក និងក្រុមការងារ បានចុះពិនិត្យដោយផ្ទាល់លើទីតាំងគម្រោងសំខាន់ៗចំនួន ០៤ រួមមាន៖
១. ប្រព័ន្ធធារាសាស្ត្រអូរស្រងាំ៖ អនុវត្តការស្តារប្រឡាយមេ ប្រឡាយរង និងប្រឡាយនាំទឹកសរុប ០៥ខ្សែ ប្រវែងសរុប ៦.៦២០ម៉ែត្រ ព្រមទាំងជួសជុល និងសាងសង់សំណង់សិល្បការ្យថ្មីចំនួន ១០កន្លែង និងបំពាក់សំណង់ការពារជើងទេរចំនួន ១០កន្លែងបន្ថែមទៀត។ បច្ចុប្បន្ន លទ្ធផលការងារសរុបសម្រេចបានប្រមាណ ៦០%។
២. ប្រព័ន្ធធារាសាស្ត្រកំពង់ជ្រៃ៖ ការងារផ្តោតលើការជួសជុលថែទាំទំនប់សណ្តរប្រវែង ២១.២៩០ម៉ែត្រ ប្រឡាយមេចំនួន ០២ខ្សែ ប្រវែង ១៥.៧៣០ម៉ែត្រ និងថែទាំសំណង់សិល្បការ្យតូច-ធំ ចំនួន ១៥កន្លែង។
៣. ប្រព័ន្ធការពារទឹកជំនន់ និងស្រោចស្រពកំពង់ត្របែក៖ អនុវត្តការជួសជុលស្ថានីយបូមទឹកចំនួន ០៦កន្លែង ថែទាំទំនប់សណ្តទន្លេប្រវែង ៣៦.០០០ម៉ែត្រ ប្រឡាយមេសរុប ០៨ខ្សែ ប្រវែងជាង ៣៥.០០០ម៉ែត្រ និងសំណង់សិល្បការ្យសរុបចំនួន ១២៣កន្លែង។
៤. ប្រព័ន្ធធារាសាស្ត្រវ៉ៃគោ (ជំហាន១)៖ អនុវត្តការថែទាំប្រឡាយមេនាំទឹក និងប្រឡាយមេសរុប ០២ខ្សែ ប្រវែងសរុប ៩៣.៧២៨ម៉ែត្រ ព្រមទាំងថែទាំសំណង់សិល្បការ្យតូច-ធំ ចំនួន ១១៦កន្លែង ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការបញ្ជូន និងបែងចែកទឹក។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយក បានកោតសរសើរចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និងបានណែនាំឱ្យក្រុមការងារបន្តពង្រឹងបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ ដើម្បីធានាគុណភាព សុវត្ថិភាព និងសោភ័ណភាពសំណង់សម្រាប់ប្រើប្រាស់យូរអង្វែង។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានជំរុញឱ្យពន្លឿនការងារដែលនៅសេសសល់ ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលានូវតម្រូវការប្រើប្រាស់ទឹក និងការបង្ការគ្រោះធម្មជាតិជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពខ្ពស់៕






