អ្នកនាំពាក្យ ៖ កម្ពុជា គោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ក៏ដូចជាកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀតរវាងកម្ពុជា និងថៃ
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា កម្ពុជាគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងពេញលេញនូវបទឈប់បាញ់នូវស្មារតីរួម និងគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមនេះក៏ដូចជាកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ បានរម្លឹកឡើងវិញនូវខ្លឹមសារនៃការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជា និងថៃតាមស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ដែលកម្ពុជាបន្ត គោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន។
អ្នកនាំពាក្យរម្លឹកឡើងវិញថា តាមរយៈកិច្ចប្រជុំពិសេសលើកទី ៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC)កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ រវាងកម្ពុជា និងថៃកិច្ចប្រជុំបាន៖
-ទទួលស្គាល់ពីសារៈសំខាន់នៃការពិភាក្សាស្តីពីដំណោះស្រាយជម្លោះដោយសន្តិវិធី ក្នុងបរិយាកាសនៃជំនឿទុកចិត្តគ្នា ភាពស្មោះត្រង់ សុទ្ធចិត្ត យុត្តិធម៌ និងការគោរពគ្នាទៅវិញទៅមក ស្របតាមគោលបំណងនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និង សន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ សំដៅបើកផ្លូវសម្រាប់ជំពូកថ្មីនៃសន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
-រំលឹកឡើងវិញនូវសេចក្តីប្រកាសរបស់ប្រធានអាស៊ានក្នុងកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ ដែលបានរៀបចំឡើង កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ។
-បញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជៀសវាងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ការដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពព្រំដែនអន្តរជាតិ និងច្បាប់អន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ចំពោះឯករាជ្យភាព អធិបតេយ្យ សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិរបស់ប្រទេសរៀងៗខ្លួន។
-បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏មុតមាំចំពោះការអនុវត្តពេញលេញ និងមានប្រសិទ្ធភាពនៃបទឈប់បាញ់ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធទាំងអស់ដែលសម្រេចបានក្រោយបទឈប់បាញ់នេះ ព្រមទាំងកិច្ចព្រមព្រៀងផ្សេងៗដែលសម្រេចបាននិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ។
-បញ្ជាក់ឡើងវិញនូវការតាំងចិត្តរួមគ្នាក្នុងការវិលត្រឡប់ទៅរកការសន្ទនាដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងដែលធ្វើឡើងកន្លងមក ក៏ដូចជាយន្តការទ្វេភាគីដែលមានស្រាប់ សំដៅបញ្ឈប់អរិភាពគ្រប់ទម្រង់ដើម្បីបង្កើតនូវសន្តិភាពមួយដ៏ពិតប្រាកដ និងប្រកបដោយចីរភាព ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការកសាងទំនុកចិត្ត ការស្តារប្រក្រតីភាពឡើងវិញ និង ការកសាងសន្តិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាគូសបញ្ជាក់ជាថ្មីថា កម្ពុជាគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងពេញលេញនូវបទឈប់បាញ់ នូវស្មារតីរួម និងគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមនេះ ក៏ដូចជាកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត។
អ្នកនាំពាក្យថ្លែងថា៖«កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម, គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ»៕






