ទូតថ្មីវៀតណាមប្រចាំកម្ពុជា បច្ចុប្បន្នទំនាក់ទំនងកម្ពុជា-វៀតណាម ឈានដល់ដំណាក់កាលនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ផ្ដល់ផលប្រយោជន៍ទៅវិញទៅមក កាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជាបានរំលេចពីប្រវត្តិសាស្ត្រ កម្ពុជា និងវៀតណាមកៀកស្មាគ្នា ជួយគ្នាទៅវិញទៅមក ដើម្បីរំដោះប្រទេសជាតិ និងនាំមកនូវសន្តិភាពជូនប្រជាជាតិរៀងៗខ្លួន ហើយមកដល់បច្ចុប្បន្ននេះ ទំនាក់ទំនងប្រទេសទាំងពីរបានឈានដល់ដំណាក់កាលនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ផ្ដល់ផលប្រយោជន៍ទៅវិញទៅមកកាន់តែស៊ីជម្រៅ និងកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តម ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា បានថ្លែងបញ្ជាក់បែបនេះក្នុងឱកាស ឯកឧត្តម និងសហការី បានអញ្ជើញជូនពរឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសដែលកម្ពុជាកំពុងត្រៀមខ្លួនទទួលអំណរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាថ្ងៃទី១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២៦ខាងមុខ។
ក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់ឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាម និងអនុព័ន្ធយោធាវៀតណាម ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃមកជូនពរឯកឧត្តម អបអរឆ្នាំថ្មី បង្ហាញពីការរិតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងប្រទេសទាំង២ ក៏ដូចជាការពូនជ្រុំសាមគ្គីភាពមិត្តភាព កិច្ចសហប្រតិបត្តិការយូរអង្វែង។
ជាកិច្ចឆ្លើយតប ឯកឧត្តម ង្វៀន មិញវូ បានរំលេចពីប្រវត្តិសាស្ត្រកម្ពុជា និងវៀតណាម កៀកស្មាគ្នា ជួយគ្នាទៅវិញទៅមក ដើម្បីរំដោះប្រទេសជាតិ និងនាំមកនូវសន្តិភាពជូនប្រជាជាតិរៀងៗខ្លួន ហើយមកដល់បច្ចុប្បន្ននេះ ទំនាក់ទំនងប្រទេសទាំងពីរបានឈានដល់ដំណាក់កាលនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ផ្ដល់ផលប្រយោជន៍ទៅវិញទៅមកកាន់តែស៊ីជម្រៅ និងកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាម បានជូនពរជ័យ សិរីសួស្តី ជ័យមង្គល ជូនចំពោះ ឯកឧត្តមអគ្គមេបញ្ជាការ និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ ឆ្នាំថ្មីឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងបញ្ញាភ្លឺថ្លា ដើម្បីបន្តដឹកនាំកងយោធពលខេមរភូមិន្ទឱ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត៕






