កម្ពុជា នឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត លេចជារូបរាំងឡើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់។ មន្ត្រីជាន់ខ្ពស់របស់ក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូនអះអាងថា នៅកម្ពុជាការវិវត្តយានយន្តអគ្គិសនីគឺជានិន្នាការកើនឡើងយ៉ាងឆាប់រហ័ស។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ប្រកាសថា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនី “EV” ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ពោធិ៍សាត់ ក្នុងទំហំទុនវិនិយោគ ៤៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤២៨កន្លែង។ CDC បានអនុម័តគម្រោងនេះ នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៦ និងវិនិយោគដោយក្រុមហ៊ុន ហ្សូ ម៉ូធ័រ (ខេមបូឌា) ឯ.ក។
យានយន្តអគ្គិសនី សំដៅដល់ប្រភេទយានយន្តដើរដោយម៉ូទ័រអគ្គិសនី និងប្រើប្រាស់អាគុយ ដើម្បីស្តុកថាមពល។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា យានយន្តអគ្គិសនី មានការសន្សំសំចៃខ្ពស់ និង ផាសុភាព។ នាពេលបច្ចុប្បន្ន ការអភិវឌ្ឍយានយន្តអគ្គិសនី គឺជានិន្នាការជាសាកល ដែលកំពុងកើនឡើងយ៉ាងលឿន។
ឯកឧត្តម រំលឹកថា សម្រាប់កម្ពុជា ការចុះបញ្ជីយានយន្តអគ្គិសនីចាប់ផ្តើមក្នុងអំឡុងឆ្នាំ២០១៨ ដែលកាលណោះមានរថយន្តអគ្គីសនីតែ ១គ្រឿងគត់ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។ ចាប់ពីពេលនោះមក ការចុះបញ្ជីយានយន្តអគ្គិសនីមានកំណើនជារៀងរាល់ឆ្នាំ ដូចនឹងនិន្នាការកំណើនយានយន្តអគ្គិសនីលើសកលលោកដែរ។
ឯកឧត្តម ផន រឹម មានប្រសាសន៍ថា៖ «ពាក់ព័ន្ធនឹងករណីនេះ គឺរាជរដ្ឋាភិបាលបានចេញនូវគោលនយោបាយជាតិ ស្តីពី ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ឆ្នាំ២០២៤-២០២៣។ រាជរដ្ឋាភិបាលសង្ឃឹមយ៉ាងមុតមាំថា គោលនយោបាយនេះនឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលាករដ៏មានប្រសិទ្ធភាពសម្រាប់ការតម្រង់ទិសដល់ការវិនិយោគ,ការជំរុញការប្រើប្រាស់ និងការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនីជាជំហានៗដោយផ្អែកលើយន្តការទីផ្សារតាមលទ្ធភាពនៃធនធានរបស់រាជរដ្ឋាភិបាលសម្រាប់ចាប់យកកាលានុវត្តភាពថ្មីដែលកំពុងលិចឡើងស្របទៅនឹងនិន្នាការតំបន់ និងសាកល ដើម្បីលើកម្ពស់ប្រកបដោយចីរភាព និងកាន់តែមានពិពិធកម្មដើម្បីកសាងភាពធនដ៏រឹងមាំនៃសង្គមនិងសេដ្ឋកិច្ចកម្ពុជា»។
ក្នុងគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាល ស្តីពី ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ឆ្នាំ២០២៤-២០២៣ បានបញ្ជាក់ថា ប្រទេសកម្ពុជាមានសមត្ថភាពផលិតគ្រឿងបង្គុំសាមញ្ញរបស់យានយន្តទូទៅ ដោយសារកម្ពុជាមានឧស្សាហកម្មផលិតគ្រឿងបង្គុំក្នុងស្រុក ដូចជា ខ្សែភ្លើង និងសំបកកង់ ដើម្បីគាំទ្រដល់រោងចក្រដំឡើងយានយន្តនៅកម្ពុជាដែលកំពុងរីកចម្រើនជាលំដាប់។
របាយការការណ៍ក្រសួងសាធារណការនិងដឹកជញ្ជូន បង្ហាញថា ក្នុងឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជី មានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២ ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ដែលមានរថយន្តចំនួន ២,២៥៣គ្រឿង៕






