ឡានដឹកសាំងមួយគ្រឿងនៅថៃ ធ្លាក់ផ្លូវក្រឡាប់បះជើង កំពប់សាំងខ្ទេចប្រមាណ ៤ ម៉ឺនលីត្រ
• កាលពីថ្មីៗកន្លងទៅនេះ តាមរយៈសារព័ត៌មាន Khaosod មានករណីក្រឡាប់ឡានដឹកសាំងមួយគ្រឿងកើតឡើងនៅក្នុងប្រទេសថៃ បណ្តាលឱ្យកំពប់សាំងជិត ៤ ម៉ឺនលីត្រ។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៦ កន្លងទៅ នៅជិតភូមិបានប៉ាងហុក ឃុំហួយកូន ស្រុកចាឡឹមព្រះគៀត ខេត្តណាន។
តាមការឱ្យដឹងបន្ថែមពីប្រភពដដែល រថយន្តខាងលើនេះត្រូវបានគេឱ្យដឹងថា ជារថយន្តដឹកសាំងចំណុះ ៤០០០០ លីត្រ ហើយមានគោលដៅដឹកសាំងឆ្ពោះចេញទៅឯប្រទេសឡាវ។
ដោយឡែក សម្រាប់បុរសជាអ្នកបើកបរមានវ័យ ៤៦ ឆ្នាំ ត្រូវបានរាយការណ៍ថាមានរបួសស្រាលប៉ុណ្ណោះ ដែលអាចផ្តល់ព័ត៌មានដល់អាជ្ញាធរបានជាធម្មតាពីហេតុការណ៍គ្រោះថ្នាក់នោះ។
អ្នកបើកបរបានបញ្ជាក់ថា នៅពេលមកដល់កន្លែងកើតហេតុ ដោយសារតែជម្រាលផ្លូវចោតពេក ទើបបណ្តាលឱ្យបាត់បង់ការគ្រប់គ្រង និង រេចង្កូតក្រឡាប់ធ្លាក់ផ្លូវតែម្តងទៅ។
ក្រោយពីពេលកើតហេតុ មន្ត្រីយោធាមកពីកងវរសេនាធំទ័ពថ្មើរជើងលេខ ៣២ រួមជាមួយអាជ្ញាធរមូលដ្ឋាន បាននាំគ្នាចុះមកពិនិត្យ និង អន្តរាគមន៍នៅកន្លែងកើតហេតុ។
អាជ្ញាធរបានសម្របសម្រួលជាមួយក្រុមហ៊ុនម្ចាស់រថយន្ត បានរៀបចំជញ្ជូនសាំងដែលនៅសេសសល់ និង ស្ទូចឡានចេញ ដើម្បីរក្សាសន្តិសុខសុវត្ថិភាពក្នុងតំបន់តទៅទៀត៕






