លោក ត្រាំ ថាអ៉ីរ៉ង់ពិតជាកំពុងចរចាជាមួយអាមេរិក ប៉ុន្តែខ្លាចមិនហ៊ានសារភាពជាសាធារណៈ
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី២៥ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តអះអាងថា មេដឹកនាំនៅអ៉ីរ៉ង់ កំពុងចរចាជាមួយសហរដ្ឋអាមេរិកដោយស្ងាត់ៗ ដើម្បីបិទបញ្ចប់សង្រ្គាម ប៉ុន្តែមិនចង់សារភាពបែបនោះជាសាធារណៈ ព្រោះពួកគេខ្លាចបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក ត្រាំ បាននិយាយយ៉ាងដូច្នេះថា «ពួកគេកំពុងតែចរចា ហើយពួកគេចង់បានកិច្ចព្រមព្រៀងយ៉ាងខ្លាំង ប៉ុន្តែពួកគេខ្លាចមិនហ៊ាននិយាយបែបនោះ ដោយសារដឹងច្បាស់ថា ពួកគេនឹងត្រូវសម្លាប់ដោយមនុស្សរបស់ពួកគេផ្ទាល់។ មិនតែប៉ុណ្ណោះ ពួកគេក៏ខ្លាចថា នឹងស្លាប់ក្រោមស្នាដៃរបស់ពួកយើងផងដែរ»។ លោកប្រធានាធិបតីអាមេរិក បានលើកឡើងបន្ថែមបែបឌឺដងថា «មិនធ្លាប់មានមេដឹកនាំប្រទេសណា ដែលមិនសូវចង់បានមុខតំណែងនេះ ជាងអ្នកដែលត្រូវធ្វើជាមេដឹកនាំអ៉ីរ៉ង់ឡើយ»។
គួរបញ្ជាក់ថា ទាំងលោក ត្រាំ និងសេតវិមាន សុទ្ធតែមិនបានបង្ហើបឱ្យដឹងថា រដ្ឋបាលរបស់លោក កំពុងនិយាយចរចា ជាមួយនរណានៅអ៉ីរ៉ង់ឱ្យច្បាស់នោះទេ។ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi កាលពីថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦ បានទទួលស្គាល់ថា អ៉ីរ៉ង់កំពុងពិនិត្យលើសំណើមួយរបស់សហរដ្ឋអាមេរិក ដើម្បីបិទបញ្ចប់សង្រ្គាម ប៉ុន្តែមិនមានបំណងចរចាបន្ធូរបន្ថយជម្លោះឡើយ៕






