រកឃើញសំណេរផ្តែផ្តាំឱ្យជួយមើលថែកូនស្រី និងសំឡេងបងស្រីលួងលោមក្នុងទូរស័ព្ទសពអណ្តែតទឹក
ខេត្តកណ្តាល÷ ក្រោយមានប្រជាពលរដ្ធប្រទះឃើញសពអណ្តែតទឹកហើយរាយការណ៍ជូនសមត្ថកិច្ចកាលពី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅចំណុចក្នុងទឹកមាត់ច្រាំងទន្លេមេគង្គក្រោម ស្ថិតក្នុងភូមិពោធិ៍ធំ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាលមក សមត្ថកិច្ចបានរកឃើញសំណេរផ្តែផ្តាំបងស្រីឱ្យជួយមើលថែកូនស្រី និងសំឡេងបងស្រីនិយាយលួងលោមក្នុងឆាត Facebook ទូរស័ព្ទរបស់សព ។
ជនរងគ្រោះមានឈ្មោះ ប៊ុន ទិត្យារិទ្ធ ភេទប្រុស អាយុ៤០ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិអូកាតាំង ឃុំស្វាយប៉ោ(១) ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ សមត្ថកិច្ចបានរកឃើញទូរស័ព្ទដៃម៉ាក SAMSUNG ១គ្រឿងនៅក្នុងហោប៉ៅរបស់សពជនរង គ្រោះ និងបានឆែកក្នុងឆាត Messenger ក៏បានរកឃើញសំណេរជាពាក្យបណ្តាំរបស់សពពេលនៅរស់ ដែលមានសំណេរថា បងស្រី ពេលបងបានអានសារនេះ ប្រហែលជាប្អូនលែងនៅក្នុងលោកនេះហើយ ! ខ្ញុំសម្រេចចិត្តទៅហើយ សូមបងផ្តាំសុំខមាទោសពីប៉ានិងបងៗផង ! …..}។ ពាក្យចុងក្រោយសរសេរថា សង្ឃឹមថាបងៗមិនប្រកាន់ខឹង និងជួយមើលថែកូនស្រីខ្ញុំផង ប្អូនសូមទោស។
នៅក្នុងឆាតfacdbook ក៏បានឮសំឡេងបងស្រីនិយាយលួងលោមកុំឱ្យប្អូនគិតខ្លី បើប្អូនខ្វះខាតអ្វីប្អូនអាចមកខ្ចីលុយបងបាន ឬដើម្បីស្ងប់ចិត្ត ប្អូនអាចបួសនៅក្នុងវត្តមួយរយ:សិនក៏បាន ។
លោកអធិការបានបញ្ជាក់បន្ថែមថា ក្រោយសមត្ថកិច្ចជំនាញពិនិត្យយ៉ាងល្អិតល្អន់ម៉ត់ចត់ គឺមិនមានស្នាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ និងយោងតាមលោកគ្រូពេទ្យ គឺបានដាក់សេចក្តីសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹក ។ សពត្រូវបានវេចខ្ចប់ដោយថង់ប្លាស្ទិក យកទៅរក្សាទុកជូនក្រុមគ្រួសារសាច់ញាតិដែលបានទំនាក់ទំនងតាមទូរស័ព្ទរបស់សពជនរងគ្រោះដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕






