ប្រមុខការទូតកម្ពុជា ៖ រាជរដ្ឋាភិបាលកំពុងខិតខំដោះស្រាយបញ្ហាព្រំដែនជាមួយថៃតាមយន្តការការទូត

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៦ ថ្លែងប្រាប់ពលរដ្ឋភៀសសឹកកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព វិទ្យាល័យ ហ៊ុន សែនប្រមោយថា រាជរដ្ឋាភិបាលកំពុងខិតខំតស៊ូដោះស្រាយបញ្ហាព្រំដែនជាមួយថៃ តាមយន្តការការទូត ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅលំនៅឋានវិញដោយសុវត្ថិភាព និងគ្មានការរារាំង។
ប្រមុខការទូតកម្ពុជា បានថ្លែង បែបនេះក្នុងឱកាសដឹកនាំអង្គទូត និងតំណាងអង្គទូតចំនួន១៦ និងអង្គការអន្តរជាតិចំនួន២ ប្រចាំនៅកម្ពុជា ទៅទស្សនកិច្ចផ្ទាល់ ស្ថានភាពជនភៀសសឹក និងទីតាំងយោធាថៃដាក់បន្លាលួស និងទូកុងតឺន័រ នៅតំបន់ថ្មដា ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។
អង្គទូតដែលចូលរួមទាំងនោះ រួមមាន ប្រ៊ុយណេ, រុស្ស៊ី, ប៉ាគីស្ថាន,មីយ៉ាន់ម៉ា, គុយបា,ឥណ្ឌា,ទីម័រឡេស្តេ,ប្រេស៊ីល,ឡាវ,វៀតណាម,តួកគី,សហរដ្ឋអាមេរិក,ជប៉ុន,ចិន,ឥណ្ឌូនេស៊ី,និងម៉ាឡេស៊ី ព្រមទាំង ប្រព័ន្ធអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា (United Nations Resident Coordinator to Cambodia-UNRC)និង អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP)។
ប្រជាពលរដ្ឋភៀសសឹកដែលកំពុងបន្តរស់នៅជំរំសុវត្ថិភាព បានប្រាប់ BTV ថា ចាប់តាំងពីយោធាថៃឈ្លានពានមកលើកម្ពុជាចំនួនពីរលើកក្នុងឆ្នាំ២០២៥ រហូតមកដល់ពេលនេះ អាជ្ញាធរខេត្ត ក៏ដូចជា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ដល់ការរស់នៅរបស់ពួកគាត់ ក្នុងនោះទីតាំងមណ្ឌលសុវត្ថិភាពមានទឹក ភ្លើង សួនបន្លែ សាលារៀនបណ្តោះអាសន្ន និងមានទីតាំងសង្រ្គោះបឋមជាមួយគ្រូពេទ្យប្រចាំការជាដើម។
ពួកគាត់នៅតែជឿជាក់លើរាជរដ្ឋាភិបាលក្នុងដោះស្រាយបញ្ហាជាមួយភាគីថៃដោយសន្ដិវិធី ដើម្បីអាចឱ្យ ពួកគាត់អាចវិលត្រឡប់ទៅរស់នៅ និងប្រកបរបររកស៊ីនៅភូមិឋានវិញ។ ពួកគាត់ក៏បានអំពាវនាវសហគមអន្តរជាតិ បន្តដាក់សម្ពាធទៅរដ្ឋាភិបាលថៃឱ្យចូលខ្លួនមកដោះស្រាយជាមួយកម្ពុជាដោយសន្តិវិធី និងច្បាប់អន្តរជាតិផងដែរ។
សូមរំលឹកថា បច្ចុប្បន្ន ប្រជាពលរដ្ឋចំនួន ៧៦ គ្រួសារ កំពុងរស់នៅក្នុងមណ្ឌលសុវត្ថិភាពក្នុង វិទ្យាល័យ ហ៊ុន សែន ប្រមោយ ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ខណៈផ្ទះសម្បែងរបស់ពួកគាត់ត្រូវបានយោធាថៃដាក់ទូកុងតឺន័រ និងបន្លាលួសរារាំងមិនអាចចូលទៅរស់នៅវិញបាន៕

You might also like