រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ៖ ច្បាប់ប្រឆាំង Online Scam នឹងរួមចំណែកធានាមិនឱ្យបទល្មើសនេះត្រឡប់វិញ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានឹងចូលរួមលើកម្ពស់ប្រសិទ្ធភាពនៅក្នុងការបោសសម្អាត Online Scam និងធានាថាបទល្មើសនេះនឹងមិនវិលត្រឡប់មកចូលកម្ពុជាទៀតទេ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានមានប្រសាសន៍ប្រាប់ BTV ថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនគិតត្រឹមតែកម្រិតជាបទល្មើស និងសន្តិសុខប៉ុណ្ណោះទេ ប៉ុន្ដែច្បាប់នេះបានផ្តល់អត្ថប្រយោជន៍សំខាន់សម្រាប់ប្រទេសជាតិ ខណៈក្នុងច្បាប់នេះនឹងបានកំណត់ទោសទណ្ឌបទល្មើសចំនួនប្រាំបន្ថែមទៀតមាន កម្រិតទម្ងន់ទោសធ្ងន់ជាងមុនផងដែរ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបន្តថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការសម្រេចចិត្តថាត្រូវដាក់ចេញវិធានការពីរក្នុងពេលព្រមជាមួយគ្នា ទី១. ត្រូវប្រតិបត្តិការក្នុងការបោសសម្អាត Online Scam ក្នុងទ្រង់ទ្រាយយុទ្ធនាការនៅទូទាំងប្រទេស ហើយធ្វើមកដល់ពេលនេះទទួលបានលទ្ធផលល្អជាវិជ្ជាមាន និងទី២. តាមរយៈច្បាប់នេះ នឹងលើកម្ពស់ប្រសិទ្ធភាពនៅក្នុងការបោសសម្អាត Online Scam។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថា ការធ្វើច្បាប់នេះបានបង្ហាញនូវឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាល និងមិនដកថយទេ ក្នុងការប្រឆាំង Scam ហើយត្រូវធ្វើយ៉ាងណាលុបបំបាត់បទល្មើសនេះចេញឲ្យអស់ពីកម្ពុជា៕






