បង្ក្រាបទីតាំងសង្ស័យ Online Scams នៅកាស៊ីណូ ជីនយូមេនតាំង ក្នុងក្រុងព្រះស៊ីហនុ ឃាត់ខ្លួនមនុស្សចំនួន៩នាក់
លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះនៃ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានបន្តចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យ មានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ។
របាយការណ៍របស់សមត្ថកិច្ចចម្រុះនៃរដ្ឋបាលខេត្តបានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារបានចុះត្រួតពិនិត្យផ្ទះដែលជាទីតាំងសង្ស័យ ចំនួន៨០ខ្នង ក្នុងបុរី គុជអាស៊ី ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះស៊ីហនុ។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានដកហូតសម្ភារសង្ស័យរួមមានកុំព្យូទ័រចំនួន ១៣៣គ្រឿង ទូរសព្ទដៃ ៤៣៩គ្រឿង និងកាំភ្លើងខ្យល់ចំនួន ៥ដើម។
សមត្ថកិច្ចចម្រុះ បន្តថា នៅក្នុងការចុះត្រួតពិនិត្យជុំទី៣នៅ កាស៊ីណូ ជីនយូមេនតាំង នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះស៊ីហនុ សមត្ថកិច្ចបានប្រទះឃើញ ជនសង្ស័យ ចំនួន៩នាក់ រួមជាមួយវត្ថុតាងមួយចំនួនពាក់ព័ន្ធនឹងការធ្វើសកម្មភាពឆបោក ដូចជាកុំព្យូទ័រ និងទូរស័ព្ទដៃ ដែលសមត្ថកិច្ចបានប្រមូលទុកជាភស្តុតាង សម្រាប់ការបន្តនីតិវិធីច្បាប់។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តាមនីតិវិធីច្បាប់។
លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចចម្រុះនៃរដ្ឋបាល ខេត្តព្រះស៊ីហនុ បានបង្ក្រាបទីតាំងពាក់ព័ន្ធនឹងបទល្មើស Online Scams បានចំនួន ១៦ទីតាំងហើយ ក្នុងចំណោមទីតាំងសង្ស័យ សរុបចំនួន ៥៩៦ ដែលបានត្រួតពិនិត្យក្នុងក្របខណ្ឌនៃ ការអនុវត្តអនុក្រឹត្យលេខ ០៣៕






