ឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការ ដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យ និងតាមដានសកម្មភាពអាជីវកម្មបូមខ្សាច់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល
នាថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ បានដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួង ចុះពិនិត្យ និងតាមដានផ្ទាល់នូវសកម្មភាពអាជីវកម្មបូមខ្សាច់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន មន្ទីររាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងតំណាងក្រុមហ៊ុនពាក់ព័ន្ធ។
ក្នុងដំណើរការចុះពិនិត្យនេះ ឯកឧត្ដមអនុរដ្ឋលេខាធិការ និងក្រុមការងារបានចុះទៅដល់ទីតាំងអាជីវកម្មរបស់ក្រុមហ៊ុនចំនួនពីរ រួមមាន៖ ១. ក្រុមហ៊ុន ឃុន សៀ អ៊ីមផត អ៊ិចផត ដែលកំពុងដំណើរការអាជីវកម្មតាមបណ្តោយដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រសង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ, ឃុំកោះរះ ស្រុកល្វាឯម, ឃុំភូមិកោះធំ ស្រុកកៀនស្វាយ (ខេត្តកណ្តាល) និងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ (រាជធានីភ្នំពេញ)។ ២. ក្រុមហ៊ុន រីវើសាយ ឌីវេឡុបម៉ិន ដែលធ្វើអាជីវកម្មតាមបណ្តោយដងទន្លេមេគង្គក្រោម ស្ថិតក្នុងសង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ និងសង្កាត់ពាមឧកញ៉ាអុង នៃក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់អំពីតួនាទី និងភារកិច្ចដ៏សំខាន់របស់លេខាធិការដ្ឋានគ្រប់គ្រងធនធានខ្សាច់ ជាពិសេសការសិក្សាផ្នែកជលវិទ្យា និងជលគតិ ដែលជាមូលដ្ឋានបច្ចេកទេសមិនអាចខ្វះបាន ក្នុងការគ្រប់គ្រងធនធានខ្សាច់ ការសម្រួលចរន្តទឹក និងការតាមដានសកម្មភាពបូមខ្សាច់ឱ្យស្របតាមបទដ្ឋានបច្ចេកទេសកំណត់។ ទន្ទឹមនឹងនេះ ឯកឧត្តមបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបន្តយកចិត្តទុកដាក់តាមដាន និងផ្សព្វផ្សាយយ៉ាងម៉ឺងម៉ាត់ដល់ក្រុមហ៊ុនអាជីវកម្មទាំងអស់ ឱ្យគោរពតាមបទដ្ឋានគតិយុត្ត និងលក្ខណៈបច្ចេកទេសឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាបាននូវនិរន្តរភាពនៃធនធានធម្មជាតិ និងកាត់បន្ថយផលប៉ះពាល់នានាឱ្យបានជាអតិបរមា៕






