ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រលំហាច និងប្រព័ន្ធធារាសាស្ត្រអាចាង ក្នុងភូមិសាស្ដ្រខេត្តកំពង់ឆ្នាំង
នាថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារថែទាំជាប្រចាំ (ដំណាក់កាលទី១) លើប្រព័ន្ធធារាសាស្ត្រលំហាច និងប្រព័ន្ធធារាសាស្ត្រអាចាង ស្ថិតក្នុងភូមិសាស្ត្រស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ក្នុងបេសកកម្មនេះ ឯកឧត្តមអគ្គនាយក និងក្រុមការងារបច្ចេកទេស បានចុះពិនិត្យផ្ទាល់លើវឌ្ឍនភាពនៃគម្រោងថែទាំជាប្រចាំចំនួន ២ ទីតាំង រួមមាន៖
១. ប្រព័ន្ធធារាសាស្ត្រលំហាច៖ ការងារដែលកំពុងអនុវត្តរួមមាន ការសម្អាត និងជួសជុលប្រឡាយមេបេតុង (MCC) ប្រវែង ១៦.៣៩៦ ម៉ែត្រ, ប្រឡាយរង (SC1) ប្រវែង ៨៤១ ម៉ែត្រ និងប្រឡាយរងបេតុង (SCC7 & SCC12) ប្រវែង ១២.០២៨ ម៉ែត្រ។ ទន្ទឹមនឹងនេះ ក្រុមការងារបាននិងកំពុងអនុវត្តការថែទាំស្ថានីយក្បាលហុង ប្រព័ន្ធមេកានិក និងសំណង់សិល្បការ្យសរុបចំនួន ២១៧ កន្លែង។
២. ប្រព័ន្ធធារាសាស្ត្រអាចាង ផ្តោតលើការងារសំខាន់ៗរួមមាន៖ ការថែទាំប្រឡាយមេ និងប្រឡាយរងចំនួន ១១ខ្សែ ប្រវែងសរុប ៥៧.២៨៥ ម៉ែត្រ ព្រមទាំងសំណង់សិល្បការសំខាន់ៗដូចជា ទ្វារស្ទាក់ដោះទឹកជំនន់, ទ្វារ Stoplog, សំណង់បង្ហៀរ និងសំណង់ក្បាលហុង។ បន្ថែមលើនេះ គម្រោងក៏បានអនុវត្តការថែទាំលើសំណង់ចែកចាយទឹក និងសំណង់ឆ្លងកាត់ផ្សេងៗទៀតសរុបចំនួន ១១៥ កន្លែង ក្នុងនោះរួមមាន៖ ( ស្ពាន, សំណង់ស្ទាក់ទឹក, លូបញ្ចេញទឹក, លូដោះទឹក និងលូឆ្លងកាត់) ដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រង និងចែកចាយទឹក។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយក បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារ និងណែនាំឱ្យក្រុមការងារបន្តអនុវត្តឱ្យបានហ្មត់ចត់តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាព និងនិរន្តរភាពសំណង់។ ជាមួយគ្នានេះ ឯកឧត្តមក៏បានសង្កត់ធ្ងន់លើការគ្រប់គ្រង និងប្រើប្រាស់ទឹកដោយសន្សំសំចៃខ្ពស់ ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ និងកុមារ ឱ្យបង្កើនការប្រុងប្រយ័ត្នថែទាំសុខភាព ក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំងនេះផងដែរ៕






