ការតវ៉ាមានឈ្មោះថា គ្មានស្ដេច ផ្ទុះឡើងទូទាំងអាមេរិកប្រឆាំងគោលនយោបាយលោកTrump និងសង្គ្រាមអ៊ីរ៉ង់
ការតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងរដ្ឋបាលលោក Trump កំពុងផ្ទុះឡើងនៅក្នុងទីក្រុងនានាទូទាំងសហរដ្ឋអាមេរិក ដែលជាការជួបជុំលើកទីបីនៃការតវ៉ាមានឈ្មោះថា គ្មានស្ដេចនៅអាមេរិកទេ (No Kings) ដែលធ្លាប់បានទាក់ទាញហ្វូងមនុស្សរាប់លាននាក់។
ក្រុមអ្នករៀបចំសកម្មភាពតវ៉ានិយាយថា ពួកគេកំពុងតវ៉ាប្រឆាំងនឹងគោលនយោបាយដែលដាក់ដោយប្រធានាធិបតីអាមេរិកលោក Donald Trump រួមទាំងសង្គ្រាមនៅអ៊ីរ៉ង់ ការអនុវត្តច្បាប់អន្តោប្រវេសន៍សហព័ន្ធ និងការកើនឡើងនៃការចំណាយលើជីវភាពរស់នៅរបស់ប្រជាជនអាមេរិក។
ក្រុមខាងលើបាននិយាយថា លោក Trump ចង់គ្រប់គ្រងពួកគេដូចមេដឹកនាំផ្តាច់ការ។ ប៉ុន្តែនេះគឺជាអាមេរិក ហើយអំណាចជារបស់ប្រជាជន មិនមែនសម្រាប់អ្នកចង់ក្លាយជាស្តេច ឬមិត្តភក្តិមហាសេដ្ឋីនោះទេ។
សកម្មភាពតវ៉ាពេញមួយថ្ងៃកាលពីថ្ងៃសៅរ៍ បានកើតឡើងនៅស្ទើរតែគ្រប់ទីក្រុងធំៗរបស់សហរដ្ឋអាមេរិក រួមទាំងទីក្រុង New York, Washington DC និង Los Angeles។
ការតវ៉ាបានគ្របដណ្ដប់លើដងផ្លូវនានានៃរដ្ឋធានី Washington DC ពេញមួយរសៀល ដោយមានហ្វូងមនុស្សដើរក្បួនពាសពេញរដ្ឋធានីរបស់ប្រទេសនេះ។ ក្រុមអ្នកតវ៉ាបានតម្រង់ជួរតាមជណ្តើរនៃវិមានរម្លឹកវិញ្ញាណក្ខន្ធ Lincoln Memorial និងបានប្រមូលផ្តុំគ្នានៅឧស្យាន National Mall៕






